កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសចំនួន ៣.៧លាននាក់ ខណៈកើនឡើង១៦២%ធៀបនឹងឆ្នាំ២០២២

0
684

លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា សម្រាប់វិស័យអាកាសចរស៊ីវិល ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល០៩ខែ នៃឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួន ៣.៧លាននាក់ កើនឡើង១៦២%ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ និងទទួលបានចលនាជើងហោះហើរចំនួន ៣៧,២០០ ជើង កើនឡើង១០២% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ លោក ម៉ៅ ហាវណ្ណាល់ ថ្លែងឱ្យដឹងបែបនេះ ក្នុងឱកាសចូលរួមក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) នាថ្ងៃទី១៦ ខែតុលានេះ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា នាដើមខែតុលា ឆ្នាំ២០២៣នេះ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងទំនិញតាមផ្លូវអាកាស ជាមធ្យមមានចលនាជើងហោះហើរចំនួន ៨៥០ជើងក្នុងមួយសប្តាហ៍ ចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំង៣ និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេសចំនួន ៣០ ក្រុមហ៊ុនកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ រួមមានចិន កូរ៉េខាងត្បូង តំបន់ រដ្ឋបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។

លោក ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជាបានវិលត្រឡប់មកវិញ ឬស្តារឡើងវិញបានជិត៥០ភាគរយហើយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ មុនវិបត្តិជំងឺកូរីដ-១៩។ លោករដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញក្តីសង្ឃឹមថា តាមរយៈហេដ្ឋារចនាសម្ព័ន្ធថ្មីសន្លាងនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទាក់ទាញជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងបរទេស ជាពិសេសជើងហោះហើរពីប្រទេសចិន។

លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងដែរថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ នឹងចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជារយៈពេលវែងប្រកបដោយចីរភាព ជាពិសេសបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងបរិការណ៍នៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់អាស៊ាន និងពិភពលោក៕