កម្ពុជានាំចេញកសិផលជាង ៥.៥តោន ដោយទទួលបានចំណូលជាង ៣ពាន់លានដុល្លារ ត្រឹមរយៈពេលតែ៩ខែក្នុងឆ្នាំ២០២៣នេះ

0
53

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣២១៣លានដុល្លា។

ក្រសួងកសិកម្មបានលើកឡើងថា ថ្វីត្បិតតែការនាំចេញកសិផលក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ នៅតែបន្តមានបរិមាណតិចជាង​កាលពីឆ្នាំ២០២២។ ប៉ុន្តែបើធៀបទៅនឹងរយៈពេល ៨ខែឆ្នាំ២០២៣ ឃើញថា មានកំណើនចំនួន ២.៤២ % ដែលជាក្តីសង្ឃឹមថា ការនាំចេញនឹងមាននិន្នាការកើនឡើងជាបន្តបន្ទាប់ នៅក្នុងខែខាងមុខៗទៀត ពិសេសដំឡូងមីស្រស់។

ផ្នែកលើ​របាយការណ៍ខាងលើ បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។

​គួរបញ្ជាក់ផងដែរថា តម្លៃ​ដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣២១៣ លានដុល្លារអាមេរិក ក្នុងនោះ​នាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក, ​ការនាំចេញស្រូវទទួលបានជាង ៦៥៨លានដុល្លារអាមេរិក និង​ការនាំចេញកសិផលក្រៅពីស្រូវ-អង្ករ មានជិត ២ ១៦០ លានដុល្លារអាមេរិក៕