កម្ពុជានាំផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិន មានចំនួនប្រមាណ១៤០០០តោនក្នុងមួយឆ្នាំពេញ

0
1066

ភ្នំពេញ៖ រយៈពេល​មួយ​ឆ្នាំ​ពេញ រាប់​ចាប់ពី​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២២ ដល់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣​នេះ ការនាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​ប្រទេស​ចិន​មាន​ចំនួន​សរុប​១៤,៣៤៥.៧៤​តោន ក្នុងនោះ​នៅ​ឆ្នាំ​២០២២ (​ថ្ងៃទី​២៧ ខែតុលា ដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២២) កម្ពុជា​បាន​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ប្រទេស​ចិន មាន​ចំនួន ២,៩៤២.៥១​តោន ខណៈ​នៅ​ឆ្នាំ​២០២៣(​ចាប់ពី​ខែ​មករា ដល់​ថ្ងៃ​ទី​២៧ ខែតុលា ឆ្នាំ​២០២៣) កម្ពុជា​បាន​នាំចេញ​ផ្លែ​មៀន​ស្រស់​ទៅ​ប្រទេស​ចិន​មាន​ចំនួន​១១,៤០៣.២៣​តោន​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា មួយ​ឆ្នាំ​កន្លងមកនេះ អគ្គនាយកដ្ឋាន​កសិកម្ម បាន​ចុះបញ្ជី​ចម្ការ​មៀន និង​រោងចក្រ​វេច​ខ្ចប់​សម្រាប់​នាំចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​បាន​ចំនួន​៩៧​ក្រុមហ៊ុន​/​ម្ចាស់​ចម្ការ និង​១២​រោងចក្រ​វេច​ខ្ចប់ និង​ទទួល​បាន​ការអនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​ពី​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (GACC)​។

 ​ទន្ទឹមគ្នា អ្នកនាំពាក្យ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កត់សម្គាល់​ថា ក្រៅពី​ការនាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន សហគ្រាស​នៅ​កម្ពុជា​កំពុង​កែច្នៃ​ផ្លែ​មៀន​ស្រស់​របស់​ខ្មែរ ទៅ​ជា​ដំណាប់​មៀន ផ្លែ​មៀន​កំប៉ុង ទឹក​មៀន​កៀប និង​ស្រា​មៀន​។ ជាមួយគ្នា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បន្ត​លើកទឹកចិត្ត និង​គាំទ្រ​សហគ្រាស​ទាំងអស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​នៅ​ក្នុង​ការកែច្នៃ​ផលិតផល​កសិកម្ម​ខ្មែរ​ឱ្យមាន​តម្លៃ​បន្ថែម​ខ្ពស់ ហើយ​ក្រសួង​នឹង​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ដើម្បី​ផ្សព្វផ្សាយ និង​រុញ​ផលិតផល​ដែល​មាន​គុណភាព​ទាំងអស់នេះ ទៅ​កាន់​ទីផ្សារ​ពិភពលោក​។​

​គួររម្លឹកថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា បាន​សម្ពោធ​ជា​ផ្លូវការ​ការនាំ​ចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២២ ៕