កម្ពុជានិងសភាពាណិជ្ជកម្មឌូបៃ រំពឹងថា នឹងរៀបចំឱ្យមានវេទិកា​ររវាងផ្នែកឯកជន

0
325

ភ្នំពេញ៖ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល បានទទួលជួបពិភាក្សាការងារជាមួយលោក Marwan Al Marri នាយកប្រចាំតំបន់អាស៊ី នៃសភាពាណិជ្ជកម្មឌូបៃ ដោយក្នុងកិច្ចប្រជុំនេះក៏មាន​ការចូលរួមពី​តំណាង​សមាគមឧកញ៉ាកម្ពុជាផងដែរ។

នាឱកាសនៃជំនួបកាលពីថ្ងៃទី ០៨ ធ្នូ តំណាងសភាពាណិជ្ជកម្មឌូបៃលោក Marwan Al Marri បានជម្រាបប្រាប់​លោកឧបនាយករដ្ឋមន្ត្រី អំពីសកម្មភាពវិនិយោគធ្លាប់បានអនុវត្តកន្លងមកក្នុងតំបន់ ដោយក្នុងនោះសភាពាណិជ្ជកម្មឌូបៃ ដើរតួរនាទីសំខាន់ក្នុងការទាក់ទាញវិនិយោគិន និងបង្កើនសកម្មភាពពាណិជ្ជកម្ម។

លោក Marwan Al Marri បានសង្កត់ធ្ងន់លើទស្សនវិស័យវិជ្ជមាននៃពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេស​ទាំងពីរ ដែលស្របទៅនឹងផែនការអភិវឌ្ឍន៍ “D33” ត្រឹមឆ្នាំ២០៣៣ របស់អេមីរ៉ាតអារ៉ាប់រួមផងដែរ។

ឆ្លើយតបលើការលើកឡើង ឯកឧត្តម ស៊ុន ចាន់ថុល បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្ដៅរាល់កិច្ចការងារវិនិយោគ និងពាណិជ្ជកម្មដែលសភាពាណិជ្ជកម្មឌូបៃ តំណាងឱ្យអាជីវកម្មផ្សេងៗគ្នាមានបំណងក្នុងការពង្រីក​កិច្ចសហប្រតិ​បត្តិការរួមគ្នា។ ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីបេសកកម្មរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលដើរតួនាទីជាច្រកចេញចូលតែមួយក្នុងការសម្របសម្រួលកិច្ចការងារវិនិយោគរវាងក្រសួង-ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា ជូនផ្នែកឯកជន ហើយក្នុងនោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានសហការយ៉ាងជិតស្និតជាមួយសមាគម​ឧកញ៉ា​កម្ពុជា ដែលជាតួអង្គវិនិយោគិនផ្ទាល់ផងដែរ។

គួរបញ្ជាក់ថា​ នៅក្នុងជំនួបពិភាក្សាការងាររវាងឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយសភាពាណិជ្ជកម្មឌូបៃ​ ភាគីទាំងពីររំពឹងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ គ្រោងនឹងរៀបចំឱ្យមានវេទិកា​ររវាងផ្នែកឯកជននៃប្រទេសទាំងពីរ អាចជួបជជែកពិភាក្សាគ្នាស៊ីជម្រៅលើកិច្ចការងារវិនិយោគ និងពាណិជ្ជកម្ម៕