កម្ពុជានិងUN-ESCAP បន្តពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ

0
60

យោងតាមប្រភពតេឡេក្រាមរបស់សម្តេចធិបតី បានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរង នៃអង្គការសហប្រជាជាតិ និងជាលេខាធិការប្រតិបត្តិអង្គការ UN-ESCAP និងសហការី នាឱកាសនៃដំណើរបំពេញទស្សនកិច្ចនៅព្រះរាជណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកជំទាវបណ្ឌិត អាមីដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យលោកជំទាវ និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានសម្ដែងនូវការអរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ ជាមួយនឹងអង្គការ UN-ESCAP ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានគោរពជម្រាបជូនសម្ដេចធិបតីដោយសង្ខេបនូវវិស័យអាទិភាពចំនួន ៤ ដែលនៅក្នុងក្របខ័ណ្ឌនៃការបន្តកិច្ចសហប្រតិបត្តិការ ដែលរួមមាន ទី១) ការផ្ដល់កិច្ចគាំពារដល់ប្រជាជនដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ចោល» និងកិច្ចការពារបរិស្ថានដោយផ្ដោតជាអាទិភាពលើការប្រែប្រួលអាកាសធាតុ។ ទី ២) ការសម្របសម្រួលនៅក្នុងការជំរុញការវិនិយោគ និងពាណិជ្ជកម្ម ដោយជំរុញការតភ្ជាប់នៃវិស័យពាណិជ្ជកម្មនៃបណ្ដាប្រទេសសមាជិកនៃអង្គការ UN-ESCAP ។ ទី៣) ការកសាង និងពង្រឹងសមត្ថភាពឌីជីថល សម្រាប់ប្រជាពលរដ្ឋ និង ទី៤)ការគាំទ្រផ្នែកហិរញ្ញវត្ថុដើម្បីរួមចំណែកសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះ លោកជំទាវបណ្ឌិត និងសារការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាថ្មីម្តងទៀត នៅព្រះរាជាណាចក្រកម្ពុជា និងបានសម្តែងសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់អង្គការ UN-ESCAP ចំពោះការចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទៅលើវិស័យជាច្រើននៅកម្ពុជានាពេលកន្លងមក។ សម្ដេចធិបតី បានកោតសរសើរ និងអរគុណចំពោះការប្តេជ្ញាចិត្ត នៃការបន្តកិច្ចសហប្រតិបត្តិការរបស់អង្គការ UN-ESCAP ជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបនេះដែរ សម្តេចធិបតី ក៏បានជម្រាបជូនលោកជំទាវបណ្ឌិតថា អ្វីដែលលោកជំទាវបានលើកឡើងខាងលើ មានភាពប្រទាក់ក្រឡា និងស្របគ្នាជាមួយនឹងក្របខ័ណ្ឌគោលនយោបាយ និងក្របខ័ណ្ឌយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ជាពិសេស ការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលផ្តល់អាទិភាពលើការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការកសាងភាពធន់ និងកំណើនចីរភាព សំដៅឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដើម្បីប្រែក្លាយទៅជាប្រទេសមានចំណូលខ្ពស់។