កម្ពុជាបង្ហាញសហភាពអឺរ៉ុបពីទិសដៅអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

0
198

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះ បានបង្ហាញពីទិសដៅអភិវឌ្ឍរបស់ក្រសួងទៅដល់ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជាក្នុងអំឡុងពេលជំនួបនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាយុទ្ធសាស្ត្រដែលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះដើម្បីជំរុញឱ្យមានភាពប្រសើរឡើង និងកាន់តែស្វាហាប់បន្ថែមទៀតលើកិច្ចការទំនាក់ទំនងវិជ្ជាជីវៈក្នុងរោងចក្រសហគ្រាស ការរក្សាកំណើនការងារសមរម្យសម្រាប់យុវជន ការផ្តល់ជំនាញបច្ចេកទេសវិជ្ជាជីវៈជាក់លាក់ដល់យុវជនទូទៅ និងយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កិច្ចគាំពារសង្គមសម្រាប់ក្រុមគោលដៅ និងដំណោះស្រាយ និងភាពប្រសើរឡើងជាលំដាប់នៃពលករទេសន្តរប្រវេសន៍។

ក្នុងនោះ ឯកឧត្តមអគ្គរដ្ឋទូតសហភាពអឺរ៉ុប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះផែនការយុទ្ធសាស្ត្រសម្រាប់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងក្នុងអាណត្តិទី៧នេះ។

មុននឹងបញ្ចប់ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត រំពឹងថាកិច្ចសហការដែលមានស្រាប់នៃភាគីទាំងពីរ នឹងជួយជ្រោមជ្រែងឱកាសវិនិយោគពីអឺរ៉ុបមកកាន់កម្ពុជាបន្ថែមទៀត៕