ភ្នំពេញ៖ កម្ពុជា មានទំហំពាណិជ្ជកម្មជាមួយអន្តរជាតិ គិតជាទឹកប្រាក់ប្រមាណជាង ៣៥.១ពាន់លានដុល្លារ រយៈពេល៩ ឆ្នាំ ២០២៣នេះ ពោលគឺមានការធ្លាក់ចុះជាង ៣.៥ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២២ គឺមានជាង ៣៦ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិជញ្ជីពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍គយ ចិនគឺជាប្រទេសដែលមានពាណិជ្ជកម្មច្រើនជាងគេជាមួយកម្ពុជា ដោយសម្រេចបានជាង ៩ពាន់លានដុល្លារ កើនឡើង ៣.៤ភាគរយ, អាមេរិកជាង ៧ពាន់លានដុល្លារ , វៀតណាម ៤.៧ពាន់លានដុល្លារ, ថៃ មានទំហំ ២.៨ពាន់លានដុល្លារ, ជប៉ុន សម្រេចបាន ១.៣ពាន់លានដុល្លារ និងប្រទេសសំខាន់ៗជាច្រើនទៀត។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ស្បែកជើង ស្រោមជើង ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារិម ជាដើម។
សូមបញ្ជាក់ថា រយៈពេលពេញ១ឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា មានទឹកប្រាក់សរុបជាង ៥២ពាន់លានដុល្លារ កើនជាង ៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ កម្ពុជាបាននាំទំនិញទៅទីផ្សារអន្តរជាតិ ក្នុងចំនួនទឹកប្រាក់សរុប ២២,៤ ពាន់លានដុល្លារ កើនឡើង ១៦,៤ភាគរយ និងការនាំចូលមានទំហំទឹកប្រាក់ ២៩,៩ពាន់លានដុល្លារ មានកំណើន៤,៣ ភាគរយ។ នេះបើយោងតាមទិន្នន័យដែលកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕