កម្ពុជា និងជប៉ុនស្វែងរកលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យការងារ

0
33

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនដែលដឹកនាំដោយឯកឧត្តម ស៊ឹស៊ឹមឹ ថៃ(Susumu Tai) កុងស៊ុលកិត្តិយសកម្ពុជាប្រចាំតំបន់សេនដៃនៅប្រទេសជប៉ុន និងជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងស្វែងរកលទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការងារ។

ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនភ្ញៀវអំពីសក្តានុពលដែលកម្ពុជាមានដើម្បីផ្តល់កិច្ចសហប្រតិ្តបត្តិការទៅតាមតម្រូវការរបស់វិស័យឯកជនជប៉ុនក្នុងការបំពេញសកម្មភាពសេដ្ឋកិច្ច។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាមានសក្តានុពលធនធានមនុស្សដែលមានវ័យក្មេង និងជំនាញដែលអាចបំពេញតម្រូវការរបស់ភាគីជប៉ុន។

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យភាគីជប៉ុន អាចពិនិត្យលទ្ធភាពក្នុងការបង្កើតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងជំនាញឱ្យស្របទៅតាមតម្រូវការដែលក្រុមហ៊ុនជប៉ុនចង់បានព្រោះការធ្វើដូចនេះ អាចឱ្យកិច្ចសហការនឹងដំណើរការដោយរលូនស្របតាមស្តង់ដាររបស់ជប៉ុនថែមទៀតផង។

ដោយឡែកភាគីវិស័យឯកជនជប៉ុន បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីចំពោះព័ត៌មាន និងឆន្ទៈនៃកិច្ចសហការ និងការណែនាំចង្អុលបង្ហាញដល់វិស័យឯកជនជប៉ុនសម្រាប់កិច្ចសហការក្នុងវិស័យការងាររវាងប្រទេសទាំងពីរឱ្យមានភាពរលូន និងល្អប្រសើរ៕