កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ខណៈបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា៦៧ឆ្នាំកន្លងមកហើយ

0
31

កម្ពុជា-ម៉ាឡេស៊ី ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យ ពិសេសសេដ្ឋកិច្ច ខណៈបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា៦៧ឆ្នាំកន្លងមកហើយ។ ក្នុងន័យនេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី បានជជែកពិភាក្សា និងចរចា អំពីសំណុំរឿងជាច្រើន រួមមាន នយោបាយ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងឧស្សាហកម្មម្ហូបអាហារ ហាឡាល់ ការងារ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ ព្រមទាំងបច្ចេកវិទ្យាឌីជីថល និងសន្តិសុខថាមពល ។ល។និង។ល។ នេះជាការថ្លែងរបស់ ឯកឧត្តម តាន់ ហ្សង់ ហ្វ្រង់ស័រ រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី ទទួលលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាយប់ថ្ងៃទី២៧ខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី លទ្ធផលនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នៅប្រទេសម៉ាឡេស៊ី។

ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអម នាយករដ្ឋមន្ត្រី បានឱ្យដឹងថា កិច្ចចរចាជាទូទៅប្រព្រឹត្តិទៅរលូនល្អ  និងនាំមកនូវលទ្ធផលជាក់ស្ដែង ទី១.ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ កម្ពុជាស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ម៉ាឡេស៊ី ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិការកម្ពុជា-ម៉ាឡេស៊ី កម្រិតរដ្ឋមន្ត្រីការបរទេសលើកទី៣នាពេលឆាប់ៗខាងមុខនេះ។ កិច្ចប្រជុំគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិការកម្ពុជា-ម៉ាឡេស៊ីនេះគឺជាយន្តការសំខាន់ៗសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការកម្ពុជា-ម៉ាឡេស៊ីនៅលើគ្រប់វិស័យ។

ទី២.ពាក់ព័ន្ធកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចកម្ពុជា-ម៉ាឡេស៊ីដែលមានទំហំពាណិជ្ជកម្មទ្វេភាគីជាមួយគ្នាធំបង្គួរប្ដេជ្ញាពង្រឹងបន្ថែមទៀតភាពជាដៃគូសេដ្ឋកិច្ច។ក្នុងន័យនេះ កម្ពុជា-ម៉ាឡេស៊ី ពិភាក្សាគ្នាអំពីលទ្ធភាពក្នុងការបង្កើតគណៈកម្មការចម្រុះកិច្ចការពាណិជ្ជកម្មដើម្បីពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រួមទាំងឧស្សាហកម្មហាឡាល់ និងការនាំចេញនាំចូលកសិផលកសិកម្មរវាងប្រទេសទាំងពីរ។

សូមរម្លឹកថា នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Bin Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។

ក្នុងជំនួបនេះ សមភាគីទាំងពីរ ក៏បានពិភាក្សាក្នុងការពិនិត្យលទ្ធភាពពង្រីកនូវជើងហោះហើរផ្ទាល់ពីម៉ាឡេស៊ីទៅកាន់តំបន់ទេសចរណ៍សំខាន់ៗកម្ពុជា ដូចជាខេត្តសៀមរាប ផងដែរ។ ក្នុងក្របខ័ណ្ឌ នៃវិស័យការពារជាតិ និងសន្ដិសុខ សមភាគីទាំងពីរ បានឯកភាពលើការបន្តជំរុញនូវកិច្ចសហប្រតិបត្តិការរួមមាន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ការកសាងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងការធ្វើលំហាត់រួមគ្នា។ ដោយឡែក លើវិស័យសន្តិសុខថាមពល សមភាគីទាំងពីរ ក៏បានឯកភាពក្នុងការគាំទ្រការសម្របសម្រួលសម្រាប់គម្រោងខ្សែបញ្ជូនថាមពលក្រោមសមុទ្រ (ឡាវ-កម្ពុជា-សិង្ហបុរី) ដោយឆ្លងកាត់បាតសមុទ្ររបស់ប្រទេសម៉ាឡេស៊ី៕