កម្ពុជា-អ៊ីស្រាអែល រួមគ្នាពង្រឹងការបណ្តុះបណ្តាលលើជំនាញព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ

0
77

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង លោកជំទាវ អរណា សាហ្គីវ (Orna Sagiv) ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃបានជួបពិភាក្សាគ្នាដោយផ្តោតជាសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អ៊ីស្រាអែល លើវិស័យព័ត៌មាន ក្នុងនោះរួមមាន កិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យានវានុវត្តន៍ រួមទាំងការបណ្តុះបណ្តាលលើជំនាញព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។ ការលើកឡើងរវាងភាគីទាំងពីនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងនូវចំណុចការងារសំខាន់ៗដែលក្រសួងព័ត៌មាន ត្រូវធ្វើការពង្រឹងគឺប្រព័ន្ធផ្សព្វផ្សាយ និងអក្ខរកម្មព័ត៌មាន ដែលក្រសួងមានបំណងដាក់បញ្ចូលទៅក្នុងកម្មវិធីបណ្តុះបណ្តាលជាតិ ដោយផ្តល់ការអប់រំដល់អ្នកជំនាញសារព័ត៌មាន មន្ត្រីរាជការ និងយុវជន តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្ទាល់មាត់នៅក្នុងស្ថាប័នសារព័ត៌មានជាតិ និងស្ថាប័នទំនាក់ទំនងសាធារណៈ។ ចំពោះការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ៖ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា ក្រសួងព័ត៌មានស្នើឱ្យភាគីអ៊ីស្រាអែល ជួយចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រ ជាមួយនឹងលទ្ធភាពនៃការផ្តួចផ្តើមគំនិតរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមដែលបង្កឡើងដោយព័ត៌មានក្លែងក្លាយ។

ជាមួយគ្នានេះ ការងារទាក់ទងការផ្សាយតាមប្រព័ន្ធឌីជីថល គឺក្រសួងក៏បានដាក់ចេញផែនការណ៍ គោលដៅសម្រេចអោយបាននូវការផ្លាស់ប្តូរការផ្សាយ ពីប្រព័ន្ធអាណាឡូក ទៅប្រព័ន្ធឌីជីថល ទូទាំងប្រទេសនៅឆ្នាំ ២០២៥ ដែលកិច្ចការងារនេះ ក្រសួងបាននិងកំពុងស្វែងរកកិច្ចសហការលើភាពជឿនលឿននៃបច្ចេកវិទ្យា ការបង្កើតខ្លឹមសារ និងការអនុវត្តល្អបំផុតក្នុងការផ្សាយតាម ឌីជីថល ។

ដោយឡែក លោកជំទាវ អរណា សាហ្គីវ បានគូសបញ្ជាក់ពីជំហរក្នុងការធ្វើកិច្ចសហប្រតិបត្តិការលើវិស័យព័ត៌មាន នៃប្រទេសទាំងពីរ អ៊ីស្រាអែល និងកម្ពុជា ឱ្យបានល្អសម្រាប់ពេលបច្ចុប្បន្ន និងទៅអនាគត ៕