កីឡាគុនចម្រុះកម្ពុជា នឹងចូលរួមប្រកួតព្រឹត្តិការណ៍ Asian Game នៅប្រទេសជប៉ុនក្នុងឆ្នាំ២០២៦ខាងមុខ​

0
66

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បានលើកឡើងថាព្រឹត្តិការណ៍ Asian Games 2022 លើកទី១៩ នៅទីក្រុង Hangzhou នៅប្រទេសចិន កីឡាគុនចម្រុះកម្ពុជា មិនបានចូលរួមប្រកួតទេ ប៉ុន្ដែ កីឡាមួយប្រភេទនេះ នឹងត្រូវដាក់ចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍តំបន់អាស៊ី ឆ្នាំ២០២៦ នៅប្រទេសជប៉ុន។ អគ្គលេខាធិការ NOCC រូបនេះ ក៏បានជំរុញឲ្យកីឡាករ-កីឡាការិនី និងមន្ដ្រីសហព័ន្ធកីឡាគុនចម្រុះកម្ពុជា ត្រូវប្រឹងប្រែងពង្រឹងសមត្ថភាព ដើម្បត្រៀមសម្រាប់អាស៊ីហ្គេម លើកទី២០ នៅ៣ឆ្នាំខាងមុខ នេះបើតាមលោកលើកឡើងកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ។

«Asian Games នៅទីក្រុង Hang Zhou ប្រទេសចិន យើង មិនបានដាក់ចូលទេ ប៉ុន្ដែ ៤ឆ្នាំទៀត គឺនៅជប៉ុន ត្រៀមដាក់ចូលគុនចម្រុះនេះ ក្នុង Asian Games។ ហើយបើកាលណាចូលក្នុង Asian Games អ្វីៗ ក៏ល្អដែរ។ យើង ត្រូវ ខិតខំធ្វើការងារនេះ ទាំងអស់គ្នា។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ។

ប្រធានសហព័ន្ធរូបនេះ បន្ថែមទៀតថា ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានបង្កើតគណៈកម្មការពិសេសមួយ ដើម្បីគ្រប់គ្រង និងរៀបចំអភិវឌ្ឍគុនចម្រុះ ជាលក្ខណៈកីឡាមានបទបញ្ជារ និងរូបមន្ដប្រកួតត្រឹមត្រូវ និងមិនមានភាពកាចសាហាវឡើយ។ លោក វ៉ាត់ ចំរើន បានប្រាប់ដូច្នេះថា៖«យើង ឃើញពីមុនមក យើង ហៅថាវាយដាក់ទ្រុង ដែលយើង នាំគ្នាហៅនោះ មិនទាន់ជាកីឡាទេ។ នោះ គេហៅថាកីឡាអាជីព ឬកីឡាស្វែងរកអាជីវកម្មប៉ណ្ណោះ។ ប៉ុន្ដែ ឥឡូវក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី បានបង្កើតឲ្យទៅជា ក្របខ័ណ្ឌ នៃការប្រកួតជាកីឡាដែល យកទៅតាមបទបញ្ជារ នៃការប្រកួត ឬរូបមន្ដណា ដែលវាមិនប៉ះពាល់ដល់ សុខមាលភាព ដល់អ្នកប្រកួត។ អ៊ីចឹង MMA នេះ មិនមែនមានភាពសាហាវដូចមុនទេ ប៉ុន្ដែ គឺជា MMA មានលក្ខណៈជាជំនាញច្បាស់ ក្នុងកីឡា ហើយប្រកួតប្រជែងគ្នា ក្នុងកម្រិត នៃការរៀបចំបទបញ្ជារថ្មីមួយ។

ដោយឡែកក្នុងការជាប់ជាប្រធានសហព័ន្ធកីឡាគុនចម្រុះកម្ពុជា អាណត្តិទី៣ ឆ្នាំ២០២១-២០២៥ លោក វ៉ាត់ ចំរើន បានជំរុញឲ្យមានការរៀបចំវគ្គបណ្ដុះបណ្ដាលធនធានកីឡាករ-កីឡាការិនី ដែលចាប់ពីក្មេងៗ ដែលមានចំណាប់អារម្មណ៍ក្នុងការហ្វឹកហាត់។ បន្ថែមជាងនេះ ទៀត ប្រធានអាណត្តិទី៣ នេះ ក៏នឹងពង្រឹង សមត្ថភាព មន្ដ្រីរៀបចំការប្រកួត និងសមត្ថភាពគ្រូបង្វឹកឲ្យបានល្អ។

អគ្គលេខាធិការ NOCC បន្ថែមទៀតថា កីឡាករ-កីឡាការិនីគុនជាច្រើន ដូចជាវ៉វីណាម គុនខ្មែរ គុនល្បុក្កតោ និងកីឡាប្រយុទ្ធផ្សេងទៀត សុទ្ធតែអាចចូលរួមប្រកួតក្នុងកីឡាយុទ្ធគុនចម្រុះបាន ប៉ុន្ដែ អ្នកទាំងនោះ ត្រូវតែសិក្សាពីបទបញ្ជារ និងរូបមន្ដ នៃការប្រកួតជាមុនសិន។ ប្រធានរូបនេះថា កីឡាប្រយុទ្ធទាំងនោះ គឺជាមូលដ្ឋានកីឡាគុនចម្រុះកម្ពុជា។

ក្បាច់គុននីមួយ ក្លាយជាជំនាញអស់ហើយ ដូចជាគុនខ្មែរ គុនល្បុក្កតោ គុនចម្រុះផង យើង បានហាត់ទៅរកគោលដៅ និងជំហានច្បាស់លាស់ ជំនាញច្រើនមុខចូលគ្នា វាក្លាយជទៅជាគុនចម្រុះហើយ ដូច្នេះ នេះជាទាញចូលខ្លួនឯង។  ទាំងនេះ គឺជាមូលដ្ឋានរបស់គុនចម្រុះកម្ពុជា។

«ក្បាច់គុនណា ក៏អាចចូលរួមជាមួយយុទ្ធគុនចម្រុះ បានដែរ ឲ្យតែគោរពគោលការ ក្បួនច្បាប់ យុទ្ធគុនចម្រុះ។ ប៉ុន្ដែ មុនចូលរួមប្រកួត កីឡាករ-កីឡាការិនី ត្រូវរៀនពីបទបញ្ជារ នៃការប្រកួត និងត្រូវដឹងពីររបៀប នៃការដាក់ពិន្ទុ ក៏ត្រូវយល់ដឹងពីការហាមឃាត់ណា ដែលខុសពីបទបញ្ជាររបស់ MMA។ នេះ គឺជាចំណុចពិសេស។»។ លោក វ៉ាត់ ចំរើន បាននិយាយដូច្នេះ៕