កីឡាជិះកង់ដើម្បីភពផែនដី ដែលសហភាពអឺរ៉ុប និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាគ្រោងរៀបចំព្រឹត្តិការណ៍ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ

0
48

ភ្នំពេញ៖ យោងតាមគេហទំព័រសហភាពអឺរ៉ុបបានឱ្យដឹងថា ព្រឹត្តិការណ៍កីឡាជិះកង់ដើម្បីភពផែនដី គឺជាគំនិតផ្តួចផ្តើមសហការដោយគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញដែលរៀបចំឡើងដើម្បីជំរុញរបៀបវារៈសកម្មភាពអាកាសធាតុតាមរយៈថាមពលនៃការជិះកង់។ ព្រឹត្តិការណ៍នេះ អញ្ជើញអ្នកឱ្យចូលរួមជាផ្នែកនៃចលនាពិភពលោកឆ្ពោះទៅរកនិរន្តរភាព ដោយបង្ហាញពីរបៀបដែលការខិតខំប្រឹងប្រែងរបស់បុគ្គលម្នាក់ៗអាចបង្កើតផលជារួមលើសុខភាពភពផែនដីរបស់យើង។ ជិះកង់ដើម្បីភពផែនដីប្រែក្លាយការជិះកង់ទៅជាសេចក្តីថ្លែងការណ៍ដ៏មានឥទ្ធិពលសម្រាប់និរន្តរភាព ដែលមានទីតាំងនៅទីក្រុងភ្នំពេញដ៏គួរឱ្យភ្ញាក់ផ្អើលនៃប្រទេសកម្ពុជា។ វាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយទេ ប៉ុន្តែវាជាការប្តេជ្ញាចិត្តចំពោះការដឹកជញ្ជូន ដែលមិនប៉ះពាល់ដល់បរិស្ថាន និងការបោះត្រាកាបូនតូចជាងមុន ដែលជំរុញយើងឆ្ពោះទៅកាន់អនាគតដ៏បៃតង។ សូមចូលរួមជាមួយយើង ហើយជាមួយនឹងរាល់ឈ្នាន់ ជំរុញយើងឱ្យខិតទៅជិតភពដែលមានសុខភាពល្អ។

បើតាមការគូសបញ្ជាក់របស់លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធកីឡាទោចក្រយានកម្ពុជាបានឱ្យ សារព័ត៌មានដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា លោក នូ ចំរើន និងលោក ខ្លូត ករណី នាយកបច្ចេកទេសរបស់សហព័ន្ធបានចូលរួមកិច្ចប្រជុំស្តីពីការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យជិះកង់ ដែលគ្រោងប្រព្រឹត្តទៅ នាព្រឹកថ្ងៃអាទិត្យ ទី៣ ខែមីនា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ក្នុងគោលបំណងចម្បងៗមួយចំនួនដូចគ្នា ១.ពង្រឹងទំនាក់ទំនងសហភាពអឺរ៉ុប និងកម្ពុជា តាមរយៈការចូលរួមផ្នែកវប្បធម៌ អប់រំ និងបរិស្ថាន។ ២. លើកកម្ពស់ការយល់ដឹងអំពីអាកាសធាតុ និងលើកកម្ពស់ការរស់នៅទីក្រុងប្រកបដោយនិរន្តរភាព។ ៣.បង្ហាញគោលគំនិតអប់រំនៅទីក្រុងប្រកបដោយនិរន្តរភាព តាមរយៈសកម្មភាព ដែលមិនប៉ះពាល់ដល់បរិស្ថាន។ ៤.លើកទឹកចិត្តឱ្យមានការចូលរួមរបស់សហគមន៍ ក្នុងការផ្តួចផ្តើមគំនិត និងការបង្កើតបណ្តាញទំនាក់ទំនងសង្គម។

តាមការគ្រោងទុក ព្រឹត្តិការណ៍ជិះកង់នេះនឹងមានសមាសភាពចូលរួម មានតំណាងស្ថានទូតសហភាពអឺរ៉ុបនៅកម្ពុជា និងសិស្សានុសិស្ស នៅរាជធានីភ្នំពេញ និងក្រុមកង់មហាជនចូលរួម មានចំនួនប្រមាណ ១០០០នាក់ ដោយក្នុងនោះមានការរៀបចំជាស្តង់ពិព័ណផ្សព្វផ្សាយប្រចាំស្ថានទូតនីមួយៗ ស្តង់អប់រំសៀវភៅ និងកីឡា ស្តង់បរិស្ថាន និងស្តង់ម្ហូបអាហារ។ ជាមួយគ្នានោះផងដែរ នៅក្នុងកិច្ចប្រជុំខាងលើសភាពអឺរ៉ុប និងក្រសួងអប់រំ សូមស្នើសហព័ន្ធជួយរៀបចំដម្រាយផ្លូវជិះ និងមន្រ្តីបច្ចេកទេសលើការជួយសម្រួលថ្នាក់ដឹកនាំ និងកីឡាករជិះកង់ក្នុងព្រឹត្តិការណ៍ខាងលើផងដែរ។

គួរបញ្ជាក់ថា កីឡាករ កីឡាការិនីជិះកង់នឹងត្រូវជួបជុំគ្នា នៅព្រឹកព្រលឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក ដោយមានការថ្លែងសន្ទរកថាបើកដោយឯកឧត្តមឯកអគ្គរដ្ឋទូត EU និងសន្ទរកថាដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ បន្ទាប់មក កីឡាករ កីឡាការិនីជិះកង់ទាំងអស់ត្រូវចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិកឆ្ពោះទៅតាមដងវិថីនានា ដូចជាមហាវិធីហ្សាដឺហ្គោល មហាវិថីព្រះសីហនុ បត់តាមវិមានឯករាជ្យ តាមមហាវិថីព្រះនរោត្តម វត្តភ្នំ និងបន្តជិះតាមផ្សារធំថ្មី រួចឆ្ពោះទៅបញ្ចប់នៅពហុកីឡដ្ឋានជាតិអូឡាំពិកវិញ។

សូមរំលឹកថា សហភាពអឺរ៉ុប (EU) ក្រសួងអប់រំ យុវជន និងកីឡា និងសាលារាជធានីភ្នំពេញ រួមសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាទោចក្រយានកម្ពុជានឹងរៀបចំព្រឹត្តិការណ៍កីឡាជិះកង់ ក្រោមប្រធានបទ «ជិះកង់ដើម្បីភពផែនដី» នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕