ភ្នំពេញ៖ លក្ខខណ្ឌការងារ និងជីវភាពរស់នៅរបស់បងប្អូនកម្មករនិយោជិត ត្រូវបានគិតគូរនិងលើកកម្ពស់កាន់តែប្រសើរឡើង ជាក់ស្តែង ប្រាក់ឈ្នួលអប្បបរមាបានកើនពី ៤០ដុល្លារ នៅឆ្នាំ១៩៩៧ ដល់ ២០០ដុល្លារ នៅឆ្នាំ២០២៣ និងកើនដល់ ២០៤ដុល្លារ នៅឆ្នាំ២០២៤ បើបូកបន្ថែមប្រាក់អត្ថប្រយោជន៍ជាកាតព្វកិច្ចផ្សេងៗទៀត កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលជាមធ្យម ២២១ ដុល្លារ ដល់ ២៣២ ដុល្លារ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ពី ប.ស.ស.។នេះជាការលើកឡើងរបស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣
ថ្លែងក្នុងឳកាសអមជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជាចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសចំនួន១៣រោងចក្រ ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងការងារ បានមានប្រសាសន៍ថា បើប្រៀបធៀបប្រាក់ឈ្នួលអប្បបរមានៅកម្ពុជាក្នុងឆ្នាំ២០២៣ មានប្រទេសមួយចំនួនក្នុងតំបន់មានប្រាក់ឈ្នួលអប្បបរមាទាបជាងកម្ពុជា ដូចជាប្រទេសវៀតណាមមានចំនួនចន្លោះពី ១៣៧ដុល្លារ ទៅ ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៤០ដុល្លារ, ប្រទេសបង់ក្លាដែស ១១៦ដុល្លា (ចាប់ពីខែធ្នូ ឆ្នាំ២០២៣), ប្រទេសមីយ៉ាន់ម៉ា ៨៣ដុល្លារ និងប្រទេសឡាវ ៩០ដុល្លារ ប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការងារបន្តថា ទន្ទឹមនឹងការខិតខំដំឡើង ប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រាជរដ្ឋាភិបាល ក៏បានយក ចិត្ត ទុកដាក់ខ្ពស់ក្នុង ការខិតខំលើកកម្ពស់ សុខុមាលភាព និងរួមចំណែកកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិតតាមរយៈ ការ អភិវឌ្ឍរបបសន្តិសុខសង្គម ជាបន្តបន្ទាប់ដូចជា៖
– បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជកជាអ្នកបង់ជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារ ក្នុង ១ខែនិងអាចរក្សាបាននូវសន្តិសុខ ចំណូល និងកាត់បន្ថយហានិភ័យនានាទាំងនៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។ ឆ្នាំ២០១៨ ដល់ខែតុលា ឆ្នាំ២០២៣ មានបងប្អូនកម្មករនិយោជិតដែលជាសមាជិក ប.ស.ស. បានទៅពិនិត្យព្យាបាលជំងឺដោយមិនបង់ប្រាក់ប្រមាណ ១៦លានករណី ដោយចំណាយថវិកាអស់ប្រមាណ ៤៦៣លានដុល្លារ។
ឯកឧត្តម ហេង សួរ បានបន្ថែមថា បងប្អូនកម្មករនិយោជិត ឱ្យតែបានបង់ភាគទានប្រាក់សោធន នៅពេលអាយុ៦០ឆ្នាំនឹងទទួលបានប្រាក់សោធននិវត្តន៍ ដោយភ្ជាប់ជាមួយនឹងរបបថែទាំសុខភាពពេញមួយជីវិត។ នេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបងប្អូន កម្មករនិយោជិតនៃវិស័យឯកជន ទទួលបានរបបសោធននិវត្តន៍ និងរបបសន្តិសុខសង្គមផ្សេងទៀតដូចមន្ត្រីរាជការដែរ។ គោលនយោ បាយគាំពារសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរដល់សុខុមាលភាព របស់បងប្អូនកម្មករ និយោជិតពេញមួយជីវិត។
– ចំពោះបងប្អូន កម្មករនិយោជិតជាស្ត្រីក៏បានទទួលការយកចិត្តទុកដាក់ និងគាំពារតាមរយៈប្រព័ន្ធ គាំពារសង្គម គឺកម្មវិធីផ្តល់ ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ចំពោះ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ក្នុងនោះមុនពេលសម្រាល ឧបត្ថម្ភចំនួន ៤លើក ក្រោយពេលសម្រាលឧបត្ថម្ភចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយ១លើកៗ ទទួលបានថវិកាចំនួន ៨ម៉ឺនរៀល, ហើយនៅពេលសម្រាល កូនទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៨០ម៉ឺនរៀល។ ជាសរុបរាជរដ្ឋាភិបាលជួយឧបត្ថម្ភសាច់ប្រាក់ចំនួន ១លាន ៩សែន ២ម៉ឺនរៀល ដល់បងប្អូនកម្មការិនី តាំងពីពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ ដោយឡែក សម្រាប់អ្នកមានកូនភ្លោះ ២នាក់ គឺទទួលបានប្រាក់បន្ថែមចំនួន ៤០ម៉ឺនរៀល និងភ្លោះ ៣នាក់ ទទួលបានប្រាក់បន្ថែមចំនួន ៨០ម៉ឺនរៀល។ លើសពីនេះ បងប្អូន ដែលមានកូនភ្លោះ ៣នាក់ ទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀល ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន៕