ក្នុងទិវាពលករទេសន្តរប្រវេសន៍អន្តរជាតិ IOM ថា ហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា និងវៀតណាម មានជនចំណាកស្រុកច្រើនជាងគេនៅអាស៊ាន

0
603

អង្គការទេសន្តរប្រវេសន៍អន្តរជាតិ(IOM) កាលពីពេលថ្មីៗនេះ បានបញ្ចេញរបាយការណ៍ស្តីពីទេសន្តរប្រវេសន៍ពិភពលោកឆ្នាំ២០២២ដោយក្នុងនោះ កត់សម្គាល់ថា នៅតំបន់អាស៊ានមានប្រទេសចំនួន៤ដែលបានបញ្ជូនព-លករទៅបរទេសច្រើនជាងគេទី១ប្រទេសហ្វីលីពីន ទី២ប្រទេសឥណ្ឌូនេស៊ី និងទី៣ប្រទេសភូមា ឬមីយ៉ាន់មា និងទី៤វៀណាម ដោយឡែកប្រទេសផ្សេងទៀតបញ្ជូនក្នុងរង្វង់ត្រឹមជាង១លាននាក់ចុះក្រោម។
ហ្វីលីពីន មានចំនួនជាង៦,១លាននាក់ ខណៈដែលឥណ្ឌូនេស៊ី មានជិត៥លាននាក់ ហើយមីយ៉ាន់ម៉ាឬភូមា មានជាង៣.៧លាននាក់។

ដោយឡែកពលករចំណាកស្រុករបស់វៀតណាម មានជាង៣,៤លាននាក់ ក្នុងពេលដែលឡាវនិងកម្ពុជា មានជាង១,៣លាននាក់ប្រហាក់ប្រហែលគ្នា។ ទន្ទឹមនឹងនោះ ថៃមានពលករចំណាកស្រុកជាង១,១លាននាក់ ដោយឡែក ម៉ាឡេស៊ី និងសិង្ហបូរី ប៉ុណ្ណោះដែលមានចំនួនពលករតិចជាងគេក្នុងរង្វង់តិចជាង១លាននាក់។ នេះបើយោងតាមរបាយការណ៍ដដែល។
ប្រទេសគោលដៅដែលពលករអាស៊ានធ្វើចំណាក់ស្រុកច្រើនជាងគេ គឺអាម៉េរិកខាងជើង អឺរ៉ុប និងប្រទេសធំៗតំបន់មជ្ឈឹមបូព៌ាដូចអារ៉ាបីសាអូឌិត និងអារ៉ាប់រួម និងបណ្តាប្រទេសរីកចម្រើនក្នុងតំបន់អាស៊ី។

អង្គការអន្តរជាតិដែលជាជំនាញលើបញ្ហាទេសន្តរប្រវេសន៍ដដែលនេះ បានបញ្ជាក់ថា ពលករចំណាក ស្រុក ធ្វើការងារដូចជា ការងារបម្រើតាមផ្ទះ សំណង់ កសិកម្ម ឧស្សហកម្ម និងបដិសណ្ឋារកិច្ចជាដើម។ មិនមានការវាយតម្លៃពីចំណូលជាក់លាក់នៃប្រទេសនីមួយៗនៃបណ្តាប្រទេសអាស៊ាន ដែលពលករទាំងអស់បានបញ្ជូនមកប្រទេសដើមវិញនោះទេ។ ប៉ុន្តែអង្គការនេះ បានប៉ានស្មានថាជារួមលើពិភពលោកថា ទឹកប្រាក់ប្រមាណ៥០៤ពាន់លានដុល្លារគឺជាទឹកប្រាក់ដែលហូរចូលទៅប្រទេសក្រីក្រ និងចំណូលកម្រិតទាប ខណៈពលករចំណាកស្រុកទូទាំងពិភពលោក មានប្រមាណ១៦៩លាននាក់។ នេះបើតាមការបញ្ជាក់ដដែល។

ក្នងពិភពលោក ប្រទេសដែលមានពលករចំណាកស្រុកច្រើនជាងគេ គឺប្រទេសឥណ្ឌាដែលមានប្រជាជនជាង១៨លាននាក់ បានធ្វើដំណើរទៅបរទេសដើម្បីស្វែងរកការងារធ្វើដែលតាមពីក្រោយដោយប្រទេសម៉ិចស៊ិក ចិន និងរុស្ស៊ីជាដើម។
ដោយឡែកក្នុងក្របខណ្ឌកម្ពុជាវិញ ពលរដ្ឋជាង១,៣លាននាក់ ដែលកំពុងធ្វើការនៅប្រទេសថៃ កូរ៉េខាងត្បូង ជប៉ុន និងបណ្តាប្រទេសរីកចម្រើនផ្សេងទៀត ហើយក្នុងមួយឆ្នាំៗ ប្រាក់បញ្ញើប្រមាណជាង១ពាន់លានជារៀងរាល់ឆ្នាំ បានហូរចូលក្នុងប្រទេសដើម្បីបំប៉នសេដ្ឋកិច្ចជាតិ។

អង្គការទេសន៍ប្រវេសអន្តរជាតិ បានសង្កត់ធ្ងន់ថា ពលរដ្ឋទាំងអស់មានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសកន្លែងធ្វើការដែលជាសិទ្ធិស្វ័យសម្រេចដែលខ្លួនចង់បាន ហើយការស្វែងរកការងារធ្វើដែលភាគច្រើនបំផុតទៅកាន់ប្រទេសរីកចម្រើននេះ គឺជាឱកាសស្វែងរកប្រាក់ចំណូលខ្ពស់ ជំនាញវិជ្ជាជីវៈនៅកន្លែងធ្វើការថ្មី ហើយវាជាការចូលរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក និងអភិវឌ្ឍសង្គម៕