ក្នុងរយៈពេល១០ខែកម្ពុជាទទួលបានចំណូលប្រមាណ៦៧៥លានដុល្លារ ពីការនាំចេញកៅស៊ូ ខណៈកើនឡើង៧០%បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ

0
26

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់គយ និងរដ្ឋាករកម្ពុជានៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ការនាំចេញកៅស៊ូ និងផលិតផលធ្វើពីកៅស៊ូរបស់កម្ពុជា មានតម្លៃសរុបជាទឹកប្រាក់ ៦៧៥ លានដុល្លារអាមេរិក ពោលគឺកើនឡើង៧០% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២២កន្លងទៅ មានចំនួនជាង ៣៩៦លានដុល្លារអាមេរិកប៉ុណ្ណោះ។

ទទឹមនឹងកើនឡើងនេះ លោក អោក សាវឿន ​កសិករដាំកៅស៊ូ ៥ ហិកតា នៅភូមិមាឃ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានឱ្យដឹងថា តម្លៃកៅស៊ូលោកលក់បាន ២ ១០០ រៀល ក្នុង១គីឡូ (បង្កកទុក១យប់) និង ២ ៦០០ រៀល ក្នុង១គីឡូបើបង្កទុក៧ថ្ងៃ​។ លោកថាលក់កៅស៊ូមិនចំណេញនោះទេ គឺបានត្រឹមទប់ទល់ដោះស្រាយថ្លៃកម្លាំងកម្មករ។

 ចំណែកលោកអគ្គនាយកដ្ឋានកៅស៊ូបានឱ្យដឹងថា ថ្លៃប្រមូលទិញជ័រកៅស៊ូគ្រួសារនៅសប្ដាហ៍ទី៤ នៃខែតុលា ជាមធ្យមនៅខេត្តកំពង់ចាម ២ ៤០០ រៀលក្នុង១ គីឡូសម្រាប់ជ័រកកដែលតម្លៃប្រែប្រួលតាមតំបន់ និងរយៈពេលបង្កកទុក (៧-១០ថ្ងៃ)។

កាលពីឆ្នាំ ២០២២ កម្ពុជា បានរកចំណូលពីការនាំចេញកៅស៊ូធម្មជាតិ និងផលិតផលកៅស៊ូបានប្រមាណ ៥៤១. ៦៦ លានដុល្លារ។

គួរជម្រាប់ថា គិតត្រឹមឆ្នាំ២០២២ កម្ពុជាមានផ្ទៃដីដាំដំណាំកៅស៊ូសរុបចំនួនជាង ៤០ម៉ឺនហិកតា។ ចំណែកឯទីផ្សារ​សំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា ប្រទេសវៀតណាម ម៉ាឡេស៊ី ចិន សិង្ហបុរី ជប៉ុន កូរ៉េ និងសហគមអឺរ៉ុប ជាដើម៕