ទំហំពាណិជ្ជកម្មការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមានប្រមាណជាង ១៧ពាន់លានដុល្លារ ខណៈទំហំពាណិជ្ជកម្មអន្តរជាតិ កម្ពុជាសម្រេចបានប្រមាណជាង៣៥ពាន់លានដុល្លារ

0
490

ភ្នំពេញ៖ ក្នុង​រយៈពេល​៩​ខែ នៃ​ឆ្នាំ​២០២៣​នេះ ទំហំ​ពាណិជ្ជកម្ម​អន្តរជាតិ​របស់​កម្ពុជា​សម្រេច​បាន​ប្រមាណ​ជាង​៣៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្នុងនោះ ទំហំ​ពាណិជ្ជកម្ម​ការនាំចេញ​មាន​ប្រមាណ​ជាង ១៧​ពាន់​លាន​ដុល្លារ​អាមេរិក និង​ទំហំ​ពាណិជ្ជកម្ម​ការ​នាំចូល​ប្រមាណ​ជាង ១៨​ពាន់​លាន​ដុល្លារ​អាមេរិក​។ តួលេខ​នៃ​ទំហំ​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២៣​នេះ មាន​ការថយចុះ​ប្រមាណ​២៣,១១​ភាគរយ បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០២២​។ នេះ​បើ​តាមលោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បានលើកឡើងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣​។

 អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មរូបនេះបានលើកឡើងថា ទីផ្សារសំខាន់ៗដែលកម្ពុជានាំចេញទៅនោះមានដូចជា ប្រទេសអាមេរិក ដែលមានតួលេខពាណិជ្ជកម្មប្រមាណជាង៥ពាន់លានដុល្លារអាមេរិកក្នុងរយៈពេល៩ខែក្នុង ដើមឆ្នាំ២០២៣ ទីផ្សារកាណាដា ដែលមានទំហំពាណិជ្ជកម្មការនាំចេញប្រមាណ៥ពាន់លានដុល្លារ , ការនាំទៅកាន់ទីផ្សារសហភាពអឺរ៉ុប ,ការនាំចេញទៅកាន់ទីផ្សារអាស៊ាន ទីផ្សារជប៉ុន ជាការកត់សម្គាល់ទីផ្សារ ដែលនូវតែមានកំណើន ជាទីផ្សារដែលទ្រទ្រងទំហំនៃចំណែកកំណើនសេដ្ឋកិច្ចខ្លាំងនោះគឺចិន និងប្រទេសកូរ៉េ។

លោក ប៉ែន សុវិជាតិ បានប​ន្ថែមថា ទំហំសេដ្ឋកិច្ចនៃការនាំចេញទៅកាន់ទីផ្សារប្រទេសចិនមានទំហំពាណិជ្ជកម្ម ប្រមាណជាង៩ពាន់លានដុល្លារ បើធៀបនឹង៩ខែនៃដើមឆ្នាំ២០២២ កម្ពុជាមានកំណើនប្រមាណ១៤% ចំណែកទីផ្សារប្រទេសកូរ៉េវិញ កម្ពុជាមានកំណើនប្រមាណជាង១៧%។

លោកបានបន្ថែមថា តាមការព្យាករណ៍របស់ក្រសួងពាណិជ្ជកម្ម កម្ពុជាមាន៣ខែចុងឆ្នាំ២០២៣នេះ ពោលគឺខែ តុលា, ខែវិច្ឆិការ​ និងខែធ្នូ ដែលគេហៅថា ​​high season គឺជាខែដែលមានការបញ្ជាទិញច្រើន៕ ដោយ៖ស្រស់