ក្រសួងកសិកម្មរៀបចំកម្មវិធី «កសិកម្ម វាលបៃតង» ដើម្បីបង្ហាញពីវិស័យផលិតផលកសិកម្មកម្ពុជា

0
580

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកម្មវិធី «កសិកម្ម វាលបៃតង» សម្រាប់ឆ្នាំ២០២៣ ដើម្បីបង្ហាញពីផលិតផលកសិកម្ម ដែលមានសក្ដានុពលរបស់កម្ពុជា នៅទីស្តីការក្រសួងកសិកម្ម កាលពីល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ។

ឯកឧត្តមរដ្ឋមន្ត្រីបានឲ្យដឹងថា កម្មវិធីនេះ ជាឱកាសដែលក្រសួងចង់បង្ហាញ និងដាក់បង្គុំគ្នា រវាងអ្នកផលិតកសិផល និងកែច្នៃកសិផល ជាមួយនឹងអ្នកជំនួញផ្សេងៗ ដែលជួយជំរុញ និងពង្រីកទីផ្សារ និងបង្ហាញដល់មិត្ដជាដៃគូ ក្នុងការអភិវឌ្ឍន៍ ឲ្យឃើញនូវអ្វី ដែលបានរៀបចំជាទម្រង់ជាមួយគ្នា នាពេលកន្លងមក។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ការរៀបចំកម្មវិធីនេះឡើង គឺជាការបង្ហាញនូវទំនិញនានា ដែលកើតចេញពីផលិតផលកសិកម្មនៅកម្ពុជា ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ បានភ្លក់នូវរស់ជាតិ និងងាយទំនាក់ទំនងគ្នា ឲ្យកាន់តែទូលំទូលាយទាំងក្នុងស្រុក និងក្រៅស្រុក ពិសេសបង្ហាញរវាងអ្នកផលិតកសិផលកែច្នៃ ជាមួយអ្នកជំនួញផ្សេងៗ ដើម្បីជំរុញទីផ្សារ និងក៏ដូចជាពង្រីកទីផ្សារ ឲ្យកាន់តែទូលំទូលាយថែមទៀត ហើយកម្មវិធីនេះ អាចនឹងធ្វើជារៀងរាល់ឆ្នាំផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះ មានការចូលរួមពីសំណាក់ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អង្គទូត និងតំណាងដៃគូអភិវឌ្ឍ រួមជាមួយអ្នកសារព័ត៌មានមកពីស្ថាប័នផ្សេងៗ ហើយក៏មានការភ្លក្សម្ហូបអាហារផលិត ពីផលិតផលខ្មែរ ដែលមានគុណភាពថែមទៀតផង ខណៈមានការបង្ហាញពីការ ដាល់អំបុក ដែលជាផ្នែកមួយ នៃវប្បធម៌ផ្សារភ្ជាប់នឹងវិស័យកសិកម្មដំណាំស្រូវ ក្រោយប្រមូលផលរបស់ប្រជាជនកម្ពុជា៕