ក្រសួងការងារកំពុងបន្តការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន៥៤៥ថ្នាក់នៅទូទាំងប្រទេស

0
33

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគិតត្រឹមថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កំពុងដំណើរការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៥៤៥ថ្នាក់នៅទូទាំងប្រទេស។ នេះបើតាមឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៩ កុម្ភៈ នេះ។

បើតាមឯកឧត្តមអ្នកនាំពាក្យ ក្នុងចំណោមទាំងជាង៥០០ថ្នាក់នេះ រួមមានវិស័យសំណង់ ១២៥ថ្នាក់ អគ្គិសនី និងថាមពល ៨ថ្នាក់, អេឡិចត្រូនិកចំនួន ១៩ថ្នាក់, កម្មន្តសាលចំនួន ២១ថ្នាក់, មេកានិកទូទៅ/មេកានិករថយន្តចំនួន ៨៥ថ្នាក់, ធុរកិច្ច និងព័ត៌មានវិទ្យា ១២០ថ្នាក់, សេវាកម្មចំនួន ៣៥ថ្នាក់, បរិក្ខារត្រជាក់ និងកម្តៅចំនួន ៦៦ថ្នាក់ ទេសចរណ៍ចំនួន ៤១ថ្នាក់, និង កសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ២៥ថ្នាក់ មានសិស្សចូលរៀនសរុប ១២ ១១២នាក់។

ឯកឧត្តមបន្ថែមថា ដើម្បីផ្សព្វផ្សាយ និងកៀរគរយុវជនគោលដៅមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះ ក្រសួងបានធ្វើយុទ្ធនាការផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម Facebook, Telegram, YouTube និង TikTok ព្រមទាំងបានចុះយុទ្ធនាការផ្សព្វផ្សាយផ្ទាល់នៅតាមសង្កាត់ និងតាមខ្នងផ្ទះគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងបានបណ្តុះបណ្តាលជនបង្គោលឱ្យចេះប្រើប្រាស់កម្មវីធីចុះឈ្មោះរៀនតាមប្រព័ន្ធឌីជីថល ដើម្បីត្រៀមជួយដល់ក្រុមគោលដៅក្នុងការចុះឈ្មោះចូលរៀនកម្មវិធីបណ្តុះបណ្តាល។

ឯកឧត្តមគូសបញ្ជាក់ថាចាប់តាំងពីការបើកបវេសនកាលជាផ្លូវការកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅទូទាំងប្រទេសបាននឹងកំពុងបន្តការបណ្តុះបណ្តាលរបស់ខ្លួនដោយរលូន សិស្សានុសិស្សពេញចិត្តក្នុងការសិក្សាជាមួយគ្រូបង្រៀន ដែលមានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ ជាពិសេសនោះវិទ្យាស្ថានមួយចំនួនបានបញ្ជូនសិក្ខាកាមរបស់ខ្លួនចុះកម្មសិក្សានៅតាមក្រុមហ៊ុនឯកជននានារួចមកហើយ។

ឯកឧត្តមបានអំពាវនាវឱ្យយុវជននៅទូទាំងប្រទេសទាំងអស់មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះបន្តទៀត ពីព្រោះគ្រប់វិទ្យាស្ថានបណ្តុះបណ្តាលទាំងអស់នៅទូទាំងប្រទេសនៅតែបន្តទទួលពាក្យសិស្សចុះឈ្មោះចូលរៀនជារៀងរហូត។ យុវជនទាំងអស់អាចទាញយកកម្មវិធីចុះឈ្មោះចូលរៀនតាមរយៈទូរស័ព្ទ (TVET 1.5M) ឬស្វែងរកព័ត៌មាននៃការចុះឈ្មោះចូលរៀននៅតាមវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនៅជិតផ្ទះខ្លួន ឬទូរស័ព្ទមកលេខ ១២៩៧ សម្រាប់ព័ត៌មានបន្ថែម៕