ភ្នំពេញ៖ តាមរយៈឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា និងរដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាបានពិភាក្សាគ្នាផ្តោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងក្រសួងព័ត៌មានកម្ពុជា និងក្រសួងព័ត៌មានអារ៉ាប៊ីសាអូឌីត ដែលគ្រោងនឹងធ្វើការចុះអនុស្សរណៈយោគយល់គ្នា(MOU) លើការងារបណ្តុះបណ្តាល ការផ្លាស់ប្តូរព័ត៌មាន និងកិច្ចសហប្រតិបត្តិការផ្សេងៗ។
ការពិភាក្សារវាងភាគីទាំងពីរនេះផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត រួមទាំងបណ្ដាប្រទេសអារ៉ាប់ផងនោះ ទាក់ទងនឹងការផ្សព្វផ្សាយព័ត៌មានផ្សេងៗ ដើម្បីឱ្យប្រជាជននៃប្រទេសទាំងពីរ និងបណ្ដាប្រទេសអារ៉ាប់ បានស្គាល់ និងបានយល់ដឹងនូវវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ រួមទាំងទិដ្ឋភាពនានាជាច្រើនទៀតនៅកម្ពុជា។ ការគូសបញ្ជាក់ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត នេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រ អារ៉ាប៊ីសាអូឌីត ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន ។
ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងបញ្ជាក់ថា ក្រសួងព័ត៌មាន បានរៀបចំនូវការផ្សព្វផ្សាយព័ត៌មាន ជាភាសាអារ៉ាប់ ចាប់តាំងតែពីឆ្នាំ២០២២ ហើយការផ្សាយចេញភាសាអារ៉ាប់នេះ ក្នុងគោលបំណងសំខាន់គឺឱ្យពិភពអារ៉ាប់ បានដឹងអំពីស្ថានភាពពិតប្រាកដនៃប្រទេសកម្ពុជា ហើយក៏បង្ហាញអំពីសក្ដានុពលរបស់កម្ពុជា ទាក់ទងជាមួយនឹងវិស័យទេសចរណ៍ វិស័យសេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត រួមទាំងសាសនាផងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ផងដែរថា ក្រសួងព័ត៌មាន តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP និង App ក្រសួងព័ត៌មាន បានផ្សព្វផ្សាយព័ត៌មានប្រចាំថ្ងៃ ដោយបានបកប្រែពីភាសាខ្មែរ ទៅជាភាសាអារ៉ាប់ ដើម្បីអាចឱ្យប្រជាជនដែលចេះភាសាអារ៉ាប់ បានអាន ពិសេសទិសដៅសំខាន់ផ្សាយទៅកាន់ពិភពនៃប្រទេសអារ៉ាប់ បានស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា និងដឹងពីសក្តានុពលផ្សេងៗ ដើម្បីទាក់ទាញអ្នកទេសចរ និងវិនិយោគិន មករកស៊ីនៅកម្ពុជា ។
ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ថែមថា សម្រាប់ក្រសួងព័ត៌មានកម្ពុជា ក៏សុំស្នើដល់ឯកអគ្គរាជទូត ធ្វើការពិភាក្សាជាមួយ ក្រសួងព័ត៌មាន អារ៉ាប៊ីសាអូឌីត ដើម្បីពិនិត្យទៅលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈ នៃការយោគយល់ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្តាស់ប្តូរព័ត៌មាន និងផ្តាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងអ្នកសារព័ត៌មាននៃប្រទេសទាំងពីរកម្ពុជា-អារ៉ាប៊ីសាអូឌីត។
ក្នុងឱកាសនោះដែរ ឯកឧត្តម Mohammed Ismaeil A. Dahlwy បានសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រួវបានតែងតាំងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន សម្រាប់អាណត្តិទី ៧ នៃរាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្ដមឯកអគ្គរាជទូតក៏បានលើកឡើងផងដែរទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរព័ត៌មានរវាងកម្ពុជា និង អារ៉ាប៊ីសាអូឌីត ដែលបានពិភាក្សាគ្នានេះ ឯកឧត្តម ឯកអគ្គរាជទូត បានឯកភាពសម្រាប់កិច្ចសហការដ៏ល្អនេះ ព្រោះវាមានសារៈសំខាន់សម្រាប់ប្រទេសទាំងពីរ ។
ឯកឧត្តម Mohammed បានជម្រាបជូនពីគម្រោងបើកស្ថានទូត អារ៉ាប៊ីសាអូឌីត ប្រចាំនៅទីក្រុងភ្នំពេញ ដែលគ្រោងធ្វើនៅដើមឆ្នាំ ២០២៤ ដែលជាឱកាសដ៏ល្អក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការគ្នា។ តាមរយៈកិច្ចសហប្រតិបត្ដិការរវាងភាគីទាំងពីរនេះ ឯកឧត្តម ឯកអគ្គរាជទូត បានឯកភាពចំពោះការផ្សព្វផ្សាយព័ត៌មាន ដែលចាត់ទុកគឺជាផ្នែកមួយក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីទាក់ទាញទេសចរណ៍ វិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។
ចំពោះសំណើចុះអនុស្សារណៈនៃការយោគយល់ដើម្បីពង្រឹងទៅលើកិច្ចសហប្រតិបត្តិការក្នុងការផ្តាស់ប្តូរព័ត៌មាន នៃប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរាជទូត នឹងយកសំណើនេះទៅជួបពិភាក្សាជាមួយ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អារ៉ាប៊ីសាអូឌីត ដើម្បីពិចារណា ហើយចាត់តាំងជនបង្គោលសម្រាប់ពិនិត្យពិភាក្សាលើកិច្ចការងារទាំងអស់នេះ ។
ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត អារ៉ាប៊ីសាអូឌីត បានថ្លែងការកោតសរសើរដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើសុខដុមនីយកម្មសាសនាដែលជាគំរូមួយមិនត្រឹមតែក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ប៉ុនែ្តសម្រាប់ប្រទេសផ្សេងៗទៀតក្នុងពិភពលោក៕