ភ្នំពេញ៖ ក្រសួងព័ត៌មាន បានឱ្យដឹងថា កន្លងមក ក្រសួងព័ត៌មាន បានចេញលិខិតលេខ ៥៨សជណ.ព.ម ចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ តម្រូវឱ្យ ក្រុមហ៊ុន កាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ សហការផ្តល់នូវ របាយការណ៍ពាក់ព័ន្ធករណីក្រុមហ៊ុននេះ បានផ្ដល់ លុយកាក់ និងជួយឧបត្ថម្ភ ដល់អ្នកសារព័ត៌មាន និងបានតម្រូវឱ្យបុគ្គល ដែលជាប់ពាក់ព័ន្ធ ក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។
ក្រសួងព័ត៌មាន បានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោស ពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន លើករណីដែលក្រុមហ៊ុននេះ បានចេញលិខិត ធ្វើឱ្យប៉ះពាល់ និងជះ ឥទ្ធិពលមិនល្អ ដល់វិជ្ជាជីវៈសារព័ត៌មាន។ តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោស នេះ ក្រុមហ៊ុន បានសន្យាបន្តសហការជាមួយ ក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហា ដែលបានកើតឡើង កន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការ របស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីពង្រឹង គុណភាពព័ត៌មាន និងសណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។
ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់ បញ្ជីឈ្មោះ បុគ្គលចំនួន ៨២៨ រូប ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានបញ្ជាក់ថា ជាអ្នកសារព័ត៌មាន ដែលបានមកសុំលុយកាក់ពីក្រុមហ៊ុន ជូនក្រសួងព័ត៌មាន។ ចំនួននេះ ប្រហាក់ប្រហែលទៅនឹងចំនួនអ្នកសារព័ត៌មាន ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៣ ថា “មានអ្នកសារព័ត៌មាន មកពីអង្គភាព ប្រមាណ ៧០០ ទៅ ៩០០ អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយ កាក់ និងបានទទួលការឧបត្ថម្ភ ជាហូរហែ”។
ក្រសួងព័ត៌មាន សូមបញ្ជាក់ជូនសាធារណជនថា ចំនួនតួលេខ ដែលក្រុមហ៊ុន កាស៊ីណូ ថបដាយអឹម៉ិន បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួន បុគ្គលដែលបានអះអាងខ្លួនថាជា អ្នកសារព័ត៌មាន។ បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង ៨២៨ រូបនេះ បានតម្កល់ទុក នៅក្រសួងព័ត៌មាន ហើយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណ ពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មាន ដែលបានចុះបញ្ជី និងមិនចុះបញ្ជី នៅក្រសួងព័ត៌មាន ដើម្បីមានវិធានការបន្ត តាមផ្លូវច្បាប់។
ករណីការចេញផ្សាយ និងការផ្តល់បញ្ជីឈ្មោះអ្នកសារព័ត៌មាន របស់ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ក្រសួងព័ត៌មាន បានពិនិត្យជាក់ស្ដែង ឃើញថា គឺពិតជាមានអ្នកសារព័ត៌ មាន ចូលទៅសុំលុយក្រុមហ៊ុននេះ ប្រាកដមែន។
ក្រោយការចេញលិខិតលេខ៥៨សជណ.ព.ម ចុះថ្ងៃទី ៤ ខែតុលា ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន ចំនួន ៤៣ រូប មកពីស្ថាប័នសារព័ត៌មាន ចំនួន ៣៤ អង្គភាព បានចូលខ្លួនមកបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថា ខ្លួនពិតជាបានទៅ សុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ប្រាកដមែន។ ចំណែក អង្គភាពសារព័ត៌មាន ផ្សេងទៀត ក៏បានបញ្ជាក់ជូនក្រសួងព័ត៌មាន អំពីការមិនពាក់ព័ន្ធនឹងករណីនេះផងដែរ។
ដើម្បីបន្តវិធានការចំពោះបុគ្គល ដែលធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំ ចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឱ្យអ្នកសារ ព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធ ករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមក ធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន រៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន រហូតដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។
ក្រសួងព័ត៌មាន សូមក្រើនរំលឹកជាចុងក្រោយ ដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុង បំពេញភារកិច្ច ជាអ្នកសារព័ត៌មាន ត្រូវលើកកម្ពស់ការអនុវត្តច្បាប់ ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តិកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឱ្យអាប់ឱនដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន។ ករណីនៅតែមានការបំពានច្បាប់ ស្ដីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន ក្រសួងព័ត៌មាន នឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕