ក្រសួងរ៉ែ និងថាមពល ដាក់បញ្ជាមិនឲ្យមានការចេញអាជ្ញាប័ណ្ណវាយថ្មទៀតទេ ខណៈលោកសង្កេតឃើញភ្នំមួយចំនួន ត្រូវបានកញ្ឆត ទាំងជាក់ស្តែងភ្នំខ្លះមានតម្លៃជាប្រវត្តិសាស្ត្រ

0
19

(ភ្នំពេញ)៖ យោងតាមរយៈវីដេអូខ្លីមួយប្រមាណជា២នាទីដែលបង្ហោះក្នុងបណ្តាញសង្គមផ្លូវការរបស់ក្រសួង ឯកឧត្តម កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានដាក់បញ្ជារួចហើយ គឺមិនឲ្យមានការចេញអាជ្ញាប័ណ្ណវាយថ្មទៀតទេ លុះត្រាតែមានការពិនិត្យឡើងវិញសិន ព្រោះចង់ឲ្យមានការអភិរក្ស ឲ្យមានតុល្យភាព ជាមួយការអភិវឌ្ឍន៍។ សភាពការណ៍បច្ចុប្បន្ននេះ ការផ្គត់ផ្គង់ថ្មសំណង់នៅកម្ពុជាសព្វថ្ងៃនេះ គឺមិនខ្វះទេ ចង់តម្រូវការប៉ុន្មាន ឯកជនអាចផ្គត់ផ្គង់បាន ក្នុងស្ថេរភាពតម្លៃមួយល្អ មិនថ្លៃនោះទេ»។

ក្នុងវីដេអូ របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា ក្រសួងបានបញ្ឈប់ការចេញអាជ្ញាបណ្ណវាយថ្ម ចាប់ពីពេលនេះតទៅ ព្រោះចង់អភិរក្ស និងមិនចង់ឃើញភ្នំទាំងអស់នៅក្នុងប្រទេសកម្ពុជា មានការរិចរិល។

ជាមួយគ្នានេះឯកឧត្តមក៏បានលើកឡើងថា លោកមិនចង់ឃើញភ្នំទាំងអស់កញ្ឆតទាំងអស់នោះទេ ព្រោះថា ភ្នំខ្លះមានតម្លៃប្រវិត្ដសាស្ដ្រ, ភ្នំខ្លះ មានតម្លៃវប្បធម៌, ភ្នំខ្លះ មានតម្លៃអេកូទេសចរណ៍ ឬមួយក៏ការលម្អ។

គួរបញ្ជាក់ថា តាមការបញ្ជាក់យ៉ាងច្បាស់របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល គឺ លោកបានបញ្ហាឲ្យអគ្គនាយកដ្ឋានធនធានរ៉ែ ធ្វើកិច្ចការជាមួយមន្ទីររ៉ែ និងថាមពល គ្រប់រាជធានី-ខេត្ដ ហើយអាចឈានទៅពិគ្រោះយោបល់ជាមួយមន្ទីរវប្បធម៌ និងទេសចរណ៍ ដើម្បីថែរក្សាភ្នំទាំងនោះ ដោយលោកបានលើកជាឧទាហរណ៍ថា «យើងមិនចង់បាត់ភ្នំនាងកង្រី ជាវាលទំនាបនោះទេ»។

គួរបញ្ជាក់ថា ការ​អះអាង​យ៉ាង​ដូច្នេះរបស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាពេល​ដែល​លោក​ឆ្លើយ​តបទៅ​នឹង​ក្តីកង្វល់​របស់​តំណាងឯកជន​មួយ​រូប នា​កិច្ច​ប្រជុំ​ក្រុម​ការងារផ្នែកថាមពល និងធនធានរ៉ែ (ក្រុម «ញ») នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន កាលពីថ្ងៃទី១ ខែវិច្ឆិកា៕