ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៨ ខែតុលានេះ បានប្រកាសអំពាវនាវដល់ពលរដ្ឋទាំងអស់សូមប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង នៅតាមបណ្ដាទីតាំងផ្តល់សេវា ចៀសវាងដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច។
ការអំពាវនាវនេះបន្ទាប់ពីមានការចុះផ្សាយព័ត៌មាន លើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គម ដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួងដូចជា សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណសម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវា ធ្វើវិញ្ញាបនបត្រត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅកន្លែងផ្តល់សេវាឡើយ។ ការណ៍នេះ គឺផ្ទុយពីការពិតដែលបង្កឱ្យមានការភាន់ច្រឡំដល់ប្រជាពលរដ្ឋ។
ក្នុងសេចក្តីប្រកាសនេះ ក្រសួងបានសង្កត់ធ្ងន់ថា ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវា ដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំង ផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង និងអនុវត្តតាមនីតិវិធីដូចមាន ចែងក្នុងលិខិតបទដ្ឋានគតិយុត្ត។ ចំពោះការបង់កម្រៃសេវាសាធារណៈខាងលើនេះ ត្រូវអនុលោមតាមប្រកាសស្តីពី ការផ្តល់សេវាសាធារណៈដោយ ក្រសួងសាធារណការ និងដឹកជញ្ជូន។
គួរបញ្ជាក់ផងដែរថា ចំពោះប្រព័ន្ធត្រឹមត្រូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផ្លូវការសូមចូលទៅកាន់ (https://transporticense.mpwt.gov.kh/ , https://vehicle.mpwt.gov.kh/ , https://drvericense.mpwt.gov.kh/ , https://techinspection.mpwt.gov.kh/) នេះជាវេបសាយដែលទុកចិត្តបំផុតរបស់ក្រសួង ចៀសវាងការចាញ់បោកបុគ្គលឆ្លៀតឳកាស៕