ភ្នំពេញ៖ ក្រសួងសុខាភិបាលបញ្ជាក់ពីមូលហេតុនៃការដកហូតសេចក្តីសម្រេចឲ្យបើកមន្ទីរសម្រាកព្យាបាលឯកជន ជន ឈ្មោះ តូច យ៉ាន ដោយសារតែមន្ទីរសម្រាកព្យាបាលនេះ ប្រើប្រាស់បុគ្គលិកមិនមានគុណវុឌ្ឍស្របទៅនឹង ច្បាប់ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្រ បញ្ជាក់ការចុះឈ្មោះ គណៈគ្រូពេទ្យក្លែងក្លែង ព្រមទាំងអនុវត្តមិនត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអប្បបរមា សម្រាប់មូលដ្ឋានសុខាភិបាល ឯកជន នេះបើយោងតាមសេចក្តីសម្រេចរបស់ក្រសួងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ។
ជាមួយគ្នានេះដែរ អគ្គនាយកបច្ចេកទេសសុខាភិបាល ប្រធាននាយកដ្ឋានមន្ទីរពេទ្យ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ និង លោកវេជ្ជបណ្ឌិត តូច យ៉ាន មានភារកិច្ចអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ដូច្នេះ ក្រសួងសុខាភិបាល ទុកជានិរាករណ៍នូវសេចក្តីសម្រេចលេខ ២០៥/២០. អបស/មព ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល។
គួរបញ្ជាក់ថា ក្រសួងសុខាភិបាល បានបិទ និងដកហូតសេចក្ដីសម្រេចឱ្យបើកមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕