ភ្នំពេញ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងសុខាភិបាលចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះថា ក្រសួងសុខាភិបាលបានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះ ណាត្រាបឹងទំពុន ដែលមានទីតាំងស្ថិតនៅផ្ទះលេខC1-C2 ផ្លូវលេខ៣៧១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពីមន្ទីរសម្រាកព្យាបាលនេះបន្តរឹងទទឹងយករថយន្តសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ ទោះជាមានការព្រមានជាច្រើនលើកច្រើនសាពីក្រសួងសុខភិបាលក៏ដោយ។ នេះបើតាមសេចក្ដីសម្រេចរបស់ក្រសួងសុខាភិបាលចេញនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។
គួររម្លឹកថា ក្រសួងសុខាភិបាល កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ បានស្នើឱ្យអាជ្ញាធររាជធានី-ខេត្តចាត់វិធានការចំពោះរថយន្តគិលានសង្គ្រោះឯកជនគ្មានជំនាញ និងខុសច្បាប់ ដែលរង់ចាំដឹកអ្នករងគ្រោះថ្នាក់ចរាចរណ៍ទៅមូលដ្ឋានសុខាភិបាលឯកជន។ សំណើរបស់ក្រសួងសុខាភិបាលបែបនេះ ដោយសារក្រសួងបានសង្កេតឃើញថា មានរថយន្តគិលានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាលឯកជនទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវសាធារណៈ ដែលគ្មានគ្រូពេទ្យជំនាញ និងឧបករណ៍សម្ភារបរិក្ខារពេទ្យត្រឹមត្រូវ គ្រប់គ្រាន់ក្នុងការសង្គ្រោះបន្ទាន់នៅនឹងកន្លែង ទាំងការលើកដាក់ និងការបញ្ជូនជនរងគ្រោះ៕