ក្រសួងសុខាភិបាលអំពាវនាវដល់បុគ្គលមួយចំនួនដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ ត្រឹមត្រូវ ដើម្បីឈានទៅ លុបបំបាត់នូវ សេវាសុខាភិបាលខុសច្បាប់

0
42

ភ្នំពេញ៖  ដោយសម្លឹងឃើញមានការផ្សព្វផ្សាយក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈ សុខាភិបាល បាននឹងកំពុងធ្វើឲ្យមានការប៉ះពាល់ដល់ក្រមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូ របស់អ្នកប្រកបវិជ្ជាជីវៈ សុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ ក្រសួងសុខាភិបាល ចេញថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣។

ដូច្នេះដើម្បីលុបបំបាត់បញ្ហានេះ ក្រសួងអំពាវនាវ អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក មន្ទីរពហុព្យាបាល ត្រូវគោរពឱ្យបានហ្មត់ចត់នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្ដីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិតឬបំផ្លៃការពិត។

សេចក្តីប្រកាសព័ត៌មានបន្តថា គណៈវិជ្ជាជីវៈសុខាភិបាលនីមួយៗត្រូវពង្រឹងការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលពាក់ព័ន្ធស្របតាមសមត្ថកិច្ចរបស់ខ្លួន ដែលមានចែងក្នុងច្បាប់ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល និងពង្រឹងក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាលឱ្យបានច្បាស់លាស់ ដើម្បីកិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល។

បន្ថែមលើសពីនេះ​ អាជ្ញាធរមូលដ្ឋានគ្រប់រាជធានី-ខេត្ដ ចូលរួមណែនាំទប់ស្កាត់រាល់ការផ្ដល់សេវាសុខាភិបាលដែលគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល និងការផ្សព្វផ្សាយជាលក្ខណៈពាណិជ្ជកម្មក្នុងក្របខ័ណ្ឌវិជ្ជាជីវៈសុខាភិបាល ដែលពុំមានមូលដ្ឋានវិទ្យាសាស្ដ្រច្បាស់លាស់ បំផ្លើសខុសពីការពិតធ្វើឱ្យមានការយល់ច្រឡំដល់ប្រជាពលរដ្ឋ។

ក្នុងន័យនេះ ក្រសួងសុខាភិបាលសង្ឃឹម និងជឿជាក់យ៉ាងមុតមាំចំពោះការចូលរួមយកចិត្ដទុកដាក់របស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជន និងអាជ្ញាធរពាក់ព័ន្ធក្នុងការទប់ស្កាត់នូវរាល់ភាពអសកម្មទាំងនេះ ដើម្បីចៀសវាងឱ្យបាននូវការប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាប្រកបដោយការទទួលខុសត្រូវខ្ពស់៕