ក្រសួងសុខាភិបាល៖ ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាតិ

0
150

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលដែលអង្គភាពសារព័ត៌មាន innews ទទួលបាននៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះបានឱ្យដឹងថា ការប្រើប្រាស់គ្រឿងស្រវឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាព សេដ្ឋកិច្ច និងសង្គមជាតិ ជាពិសេសសមាជិកគ្រួសារ មិត្តភក្តិរួមការងារ និងអ្នកដទៃ។ លើសពីនេះ វាអាចបណ្តាលឱ្យយុវវ័យឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ ដែលប្រាស់ចាក់ពីសីលធម៌សង្គម។

ប្រភពខាងលើ បានគូសបញ្ជាក់ថា គ្រឿងស្រវឹងបង្កឱ្យមានផលប៉ះពាល់ដូចជា អំពើហិង្សា ការប្រព្រឹត្តបទឧក្រិដ្ឋ ជម្លោះបុគ្គល ការចំណាយថវិកាទៅលើការទិញគ្រឿងស្រវឹង ការព្យាបាលសុខភាព គ្រោះថ្នាក់ចរាចរណ៍ និងការខាត់បង់ផ្សេងៗ។ ក្រសួងបានបញ្ជាក់ទៀតថា ជាតិអាកុលក្នុងផលិតគ្រឿងស្រវឹងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ភ្លាមៗ និងរយៈពេលយូរ។ ក្នុងរយៈពេលតែ២ទៅ៣នាទីប៉ុណ្ណោះ ជាតិអាល់កុលអាចជ្រៀបចូលដល់ខួរក្បាល ហើយអាចបង្ករោគសញ្ញាទៅតាមកំហាប់ជាតិអាល់កុល ការចាប់ផ្តើមនិយាយច្រើន ចលនាអន់ថយ គំហើញថយចុះ និងក្អួតចង្អោរ ឬបាត់បង់ស្មារតី ហើយការទទួលគ្រឿងស្រវឹងច្រើនពេល អាចបង្កឱ្យសន្លប់ ប្រឈមនឹងជំងឺឆ្លងដូចជា ជំងឺអេដស៍ និងជំងឺផ្សេងៗទៀត។

ក្រសួងសុខាភិបាល បានឱ្យដឹងថា ភស្តុតាងថ្មីៗរបស់អង្គការសុខភាពពិភពលោកបង្ហាញថា មិនមានកម្រិតសុវត្ថិភាពនៃការប្រើប្រាស់គ្រឿងស្រវឹងនោះទេ ហើយគ្រប់ផលិតផលគ្រឿងស្រវឹងសុទ្ធតែបង្កផលប៉ះពាល់ដល់សុខភាព។ ដូច្នេះ សូមកុំប្រើប្រាស់គ្រឿងស្រវឹងនៅពេលកំពុងបើកបរ ឬកំពុងបញ្ជាគ្រឿងម៉ាស៊ីនផ្សេងៗ ពេលកំពុងមានផ្ទៃពោះ និងបំបៅដោះកូន ឬអ្នកមានបញ្ហាសុខភាពផ្សេងៗ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជនទាំងអស់ ជាពិសេសយុវជនត្រូវចៀសវាងពីការប្រើប្រាស់គ្រឿងស្រវឹង។ ចំពោះអ្នកមិនធ្លាប់ប្រើប្រាស់គ្រឿងស្រវឹងសូមកុំសាកល្បង ដោយឡែកអ្នកកំពុងប្រើប្រាស់គ្រឿងស្រវឹង សូមកាត់បន្ថយឱ្យបានជាអតិបរមា ដើម្បីសុខភាពរបស់អ្នក និងមនុស្សជាទីស្រឡាញ់របស់អ្នក។ លើសពីនេះ ក្រសួង ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន គ្រួសារ សាលារៀន និងសហគមន៍ ចូលរួមបង្កើតបរិយាកាសកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹងដូចជា ការអប់រំផ្សព្វផ្សាយឱ្យបានទូលំទូលា និងលើកទឹកចិត្តគាំទ្រអ្នកប្រើប្រាស់គ្រឿងស្រវឹងឱ្យលះបង់ការប្រើប្រាស់ស្រវឹង។

ក្រសួងសុខាភិបាល បានស្នើឱ្យស្ថាប័នផ្សេងទៀតចូលរួមគាំទ្រ និងទប់ស្កាត់ការប្រើប្រាស់ផលិតផលគ្រឿងស្រវឹង តាមរយៈការឆ្លើយតបពហុវិស័យដោយផ្អោតលើការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផ្សេងៗ ក្នុងការជំរុញការផ្លាស់ប្តូរឥរិយាបថបុគ្គលគ្រួសារ សហគមន៍ឱ្យជ្រើសរើសទម្លាប់រស់នៅដោយគ្មានផលិតផលគ្រឿងស្រវឹង។ ក្រសួងក៏បានស្នើឱ្យអាជ្ញាធរដែនដីសហការគ្រប់គ្រងការដាក់ស្លាកប៉ាន់ណូផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាពពីការប្រើប្រាស់គ្រឿងស្រវឹងផងដែរ៕