ក្រុងប៉ោយប៉ែត គឺជាទីតាំងដ៏មានសក្តានុពលសម្រាប់បង្កើតសួនឧស្សាហកម្មកម្ពុជា-ថៃ

0
40

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី ១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្តល់បទសម្ភាសជាមួយអ្នកសារព័ត៌មាន ក្នុងអំឡុងពេលបំពេញទស្សនកិច្ចពិនិត្យវឌ្ឍនភាពច្រកទ្វារអន្តរជាតិស្ទឹងបត់ និងពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តបន្ទាយមានជ័យកាលពីចុងសប្តាហ៍កន្លងទៅនេះ ដោយលើកឡើងថា ក្រុងប៉ោយប៉ែត គឺជាទីតាំងដ៏ល្អសម្រាប់បង្កើតសួនឧស្សាហកម្មកម្ពុជា-ថៃ ដោយសារតំបន់នេះជាប់ព្រំដែនថៃ គឺខេត្តស្រះកែវ និងជាតំបន់ពាណិជ្ជកម្មដ៏មមាញឹក សម្រាប់ការដឹកញ្ជូនទំនិញ និងអ្នកដំណើរចេញចូលកម្ពុជា-ថៃ តាមរយៈច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកទ្វារអន្តរជាតិស្ទឹងបត់ និងមានផ្លូវរថភ្លើងភ្ជាប់ពីប្រទេសថៃ ទៅកាន់រាជធានីភ្នំពេញផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្រុងប៉ោយប៉ែត ក៏មានតំបន់សេដ្ឋកិច្ចពិសេស ជាច្រើនកន្លែងស្រាប់ផងដែរ ដែលស្ថិតក្រោមគោលនយោបាយយុទ្ធសាស្ត្រថៃ+១ ដែលអាចផ្តល់ភាពងាយស្រួលសម្រាប់ការរៀបចំគម្រោងសួនឧស្សាហកម្ម ក៏ដូចជា ការទាក់ទាញការវិនិយោគមកកាន់តំបន់នេះ។

ជាមួយគ្នានេះ​ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ៤តំបន់ បានទាក់ទាញគម្រោងវិនិយោគមកបណ្តាក់ទុនចំនួន ១៩គម្រោង ក្នុងនោះកំពុងដំណើរការមានចំនួន ១៣គម្រោង ក្នុងទុនវិនិយោគសរុបចំនួន ១២៦លានដុល្លារអាមេរិក និងបានបង្កើតការងារចំនួន ៥.៨២២កន្លែង។

សូមជម្រាបថា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសថៃ កាលពីពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ បានលើកឡើងអំពីគំនិតផ្តួចផ្តើមបង្កើតសួនឧស្សាហកម្មកម្ពុជា-ថៃ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកលូតលាស់បន្ថែមទៀត ជាពិសេសនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ៕