ក្រុមការងារសារព័ត៌មានInnews និងសិល្បៈកររបស់ក្រុមហ៊ុនInfluence Media ចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តគល់ទទឹង ភ្នំពេញ

0
593

ភ្នំពេញ៖ និពន្ធនាយកសារព័ត៌មាន innews និងបុគ្គលិកក្រុមហ៊ុនInfluence Media តំណាងឲ្យលោកអេម៉ូ អ្នកគ្រប់គ្រងទូទៅ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ បានចូលរួមពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្ត​និគ្រោធវ័ន ហៅវត្តគល់ទទឹង​ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ការចូលរួមកាន់បិណ្ឌនេះ គឺធ្វើឡើងតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ហើយក៏ដើម្បីផ្គត់ផ្គង់ព្រះសង្ឃគង់ចាំព្រះវស្សា និងប្រមែប្រមូលផលានិសង្ស ដែលកើតចេញពី សទ្ធាចិត្តជ្រះថ្លា លើកឧទ្ទិសជូនដល់ញាតិបុព្វការីជនមាន មាតាបិតា ញាតិការទាំងប្រាំពីរសន្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ក្រៅពីរាប់បាត ប្រគេនចង្ហាន់ដល់ព្រះសង្ឃ លោកស្រី ដុង ខៃយីង (Dong Kaiying) និពន្ធនាយកសារព័ត៌មាន Innews និងក្រុមសិល្បៈ ដែលដឹកនាំដោយលោក អឿន ទ្រី ផលិតកររឿងខ្លីរបស់ក្រុមហ៊ុន Influence Media ក៏បាននាំយកបច្ច័យ និងទេយ្យវត្ថុ ព្រមទាំងគ្រឿងឧបភោគប្រគេនដល់ព្រះសង្ឃ ដើម្បីកសាងនូវសមិទ្ធផលនានា។

សូមបញ្ជាក់ថា ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។

បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ៕ នាង ស្រស់