ភ្នំពេញៈ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ខាងមុខនេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នឹងរៀបចំក្រុមការងារប្រមាណ ៦០០ នាក់ និងអ្នកសង្កេតការណ៍ស្ម័គ្រចិត្តប្រមាណ ៣ ០០០ នាក់ សម្រាប់ឃ្លាំមើលដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេល ២ ថ្ងៃ គឺចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣។
យោងតាមការលើកឡើងរបស់លោក សយ ចន្ទវិចិត្ត អ្នកនាំអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ACU បានចូលរួមជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា អស់រយៈពេល ៩ ឆ្នាំប្រកបដោយផ្លែផ្កា ដើម្បីធានាតម្លាភាព និងយុត្តិធម៌ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
លោកបន្ថែមថា«លទ្ធផលពីការសង្កេតការណ៍ក្នុងបណ្តាឆ្នាំកន្លងមកនេះ ACU ពិនិត្យឃើញថា កិច្ចដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ឬបាក់ឌុបបានប្រព្រឹត្តទៅយ៉ាងរលូន យុត្តិធម៌ តម្លាភាព ហើយធានាបានតាមពាក្យស្លោក អ្នកចេះគឺជាប់»។លោកសង្កត់ធ្ងន់ថា រដ្ឋាភិបាលអាណត្តិថ្មី នៅតែចាត់ទុកកំណែទម្រង់ជាកត្តាគន្លឹះក្នុងការអភិវឌ្ឍ ហើយកំណែទម្រង់ការប្រឡងកាន់តែស៊ីជម្រៅជារឿងមិនអាចខ្វះបាន។
អ្នកនាំពាក្យរូបនេះបន្តថា ACU បានត្រៀមខ្លួនរួចជាស្រេច ធ្វើជាសេនាធិការរបស់រដ្ឋាភិបាលក្នុងការបំពេញការងារសង្កេតការណ៍ក្នុងដំណើរការប្រឡងសញ្ញាបត្រទុតិយភូមិ ក៏ដូចជា ការប្រឡងក្របខ័ណ្ឌ និងការប្រឡងនានាទៀតដើម្បីធានាយុត្តិធម៌ តម្លាភាព រក្សាគោលការណ៍អ្នកចេះគឺជាប់។
ចំណែកលោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកអប់រំ វប្បធម៌ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា គាំទ្រលើចំណាត់ការរបស់ ACU និងក្រសួងអប់រំ ដើម្បីរឹតបន្តឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ ដើម្បីធានាបាននូវគុណភាព និងសុក្រឹតភាព។ លោកថា៖ «យើងត្រូវធានាយ៉ាងណាណែនាំឱ្យបេក្ខជនខ្លួនឯងមិនលួចចម្លងគ្នា។ ពង្រឹងគុណភាពការងាររបស់អនុរក្សក្នុងមណ្ឌលប្រឡង មានការទទួលខុសត្រូវខ្ពស់។ យើងត្រូវធ្វើឱ្យតឹងរ៉ឹងលើដំណើរការប្រឡង» ។
ទោះជាយ៉ាងណា លោក ឈត ប៊ុនថង ចង់ឱ្យអ្នកសង្កេតការណ៍ទាំងឡាយធ្វើការក្នុងរូបភាពសមរម្យ ចៀសវាងបង្ហាញភាពស្អេកស្កះដែលអាចប៉ះពាល់ដល់អារម្មណ៍បេក្ខជនប្រឡង។
សូមបញ្ជាក់ថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈដែលដំណើរការកែវិញ្ញាសានឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣៕