ក្រុមនិស្សិត និងពលរដ្ឋកម្ពុជា បន្តចេញសារស្វាគមន៍ដំណើរទស្សនកិច្ច​របស់សម្តេចធិបតីទៅកាន់ប្រទេសបារាំង

0
1090

ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង និង​អញ្ជើញ​ចូល​រួមក្នុងកិច្ចប្រជុំ ប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ២០២៤ នៅ​ប្រទេសស្វីស នាថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ ខណៈប្រជាពលរដ្ឋ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅប្រទេសបារាំង និងតំបន់អ៊ឺរ៉ុប បាននឹងកំពុងបន្តចេញវីដេអូគាំទ្រ និង​ស្វាគមន៍ ជាមួយនឹងដំណើរទស្សនៈកិច្ចខាងមុខនេះ។

 យោងតាមរយៈវីដេអូខ្លីបប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅប្រទេសបារាំង និង​តំបន់​អ៊ឺរ៉ុប​បាន​លើក​ឡើង​ថា​ពួកគេពិតជាមានភាពកក់ក្តៅ និងក្តីរំភើបយ៉ាង​ខ្លាំង​បន្ទាប់​ពី​ឮ​ដំណឹងថា សម្តេចធិបតី​នាយករដ្ឋមន្រ្តីនឹងដឹកនាំគណៈប្រតិភូកម្ពុជាទៅកាន់ប្រទេសបារាំង និងស្វីស​នាពេល​ខាង​មុខ​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ឆ្នាំ​២០២៤ នៅប្រទេសស្វីស។

ពលរដ្ឋ និង​និស្សិតខ្មែរ​រំពឹង​ថា​តាមរយៈ​ដំណើរ​ទស្សន​កិច្ច​ជា​លើក​ដំបូង​របស់​សម្តេច​ធិបតី​ទៅ​កាន់​ប្រទេស​បារាំង និងស្វីសនេះ នឹងទទួលបានផ្លែផ្កា និងផលប្រយោជន៍​ជា​ច្រើន​បន្ថែម​ទៀត​សម្រាប់​ជាតិ និងប្រជាជនកម្ពុជា។

តាមរយៈ​ដំណើរទស្សនកិច្ចនេះនឹងជំរុញទៅមុខយ៉ាងជាក់ស្តែងនូវវិស័យសំខាន់ៗជាច្រើន ដែល​ជា​គ្រឹះ​នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា វិស័យសេដ្ឋកិច្ច អភិវឌ្ឍន៍ យោធា បេតិកភណ្ឌ និង​ហ្រ្វង់កូហ្វូនី។ ដំណើរទស្សនកិច្ចនេះ​ក៏​នឹង​បើក​លទ្ធភាព​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរកាន់តែស៊ីជម្រៅ និងកាន់តែមានលក្ខណៈសម្បូរបែប ដើម្បីរួមគ្នាដោះស្រាយ​បញ្ហា​សកល​ដែល​កំពុង​ប្រឈម​មុខ​ផងដែរ៕