​​ក្រុម​យុវជន​ចាម្ប៍​​បាន​នាំគ្នា​បង្កើត​ទិវា​​​នំដើម្បី​លើក​តម្កើង​ ​និង​រំលឹក​ពី​ ​វប្ប​ធម៌​ ​និង​ប្រពៃណី​ជនជាតិ​របស់ខ្លួន

0
400

ទិវា​នំ​ប្រពៃណី​ចាម្ប៍​ឆ្នាំ​២​០​២​៣​ ​បាន​ធ្វើឡើង​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ធ្នូ​ ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ទ​ស្សន៍​បុប្ផា​ណា​ ​និង​បាន​ទាក់ទាញ​អ្នកទស្សនា​មួយ​ចំនួន​ធំ​ ​មាន​ទាំង​ខ្មែរ​ ​និង​បរទេស​។​

អ្នកនាង​ ​ម៉ាត់​ ​ម៉ៃ​សំ​ ​តំណាង​ក្រុម​យុវជន​ចាម្ប៍ ​និង​វប្បធម៌​ ​បង្ហាញ​អារម្មណ៍​រីករាយ​ ​ស្រប​ពេល​ដែល​ការរៀបចំ​ ​ទិវា​នំ​ប្រពៃណី​ចាម្ប៍​លើក​ទី​២​ ​ទទួល​បាន​ជោគជ័យ​ជា​ផ្លែផ្កា​។​ ​អ្នកនាង​ក៏​បង្ហាញ​ពី​មោទនភាព​នៃ​ ​ក្រុម​យុវជន​ចាម្ប៍​ផង​ដែរ​ ​ដែល​បាន​នាំគ្នា​បង្កើត​ទិវា​​​នេះ​ដែល​ជា​ផ្នែក​សំខាន់​ក្នុង​ការ​លើក​តម្កើង​ ​និង​រំលឹក​ពី​ ​វប្ប​ន​ធម៌​ ​និង​ប្រពៃណី​ជនជាតិ​ចាម្ប៍​ដ៏​ផូរផង់​ ​ដោយ​ពួកគេ​បាន​ទាំង​លះបង់​ពេលវេលា​ ​កម្លាំង​ ​និង​ថវិកា​ផ្ទាល់ខ្លួន​ ​រួមចំណែក​រៀបចំ​ពិធី​នេះ​ឡើង​។​

ក្នុង​នោះ​ដែរ​ ​ម៉ាត់​ ​ម៉ៃ​សំ​ ​បាន​អរគុណ​ដល់​មជ្ឈមណ្ឌល​ធនធាន​សោត​ទ​ស្សន៍​បុប្ផា​ណា​ ​ដែល​សហការ​ផ្តល់​ទីតាំង​សម្រាប់​រៀបចំ​ពិធី​នេះ​ ​និង​ទាក់ទាញ​ភ្ញៀវ​មួយ​ចំនួន​ដែល​ចាប់អារម្មណ៍​ ​លើ​ផ្នែក​វប្បធម៌​របស់​ជនជាតិ​ចាម្ប៍​មក​ទស្សនា​ ​និង​ភ្លក់​រសជាតិ​នំ​ប្រពៃណី​ចាម្ប៍​។​

​ក្រៅពី​នេះ​ដែរ​ ​ម៉ាត់​ ​ម៉ៃ​សំ​ ​យល់ថា​ ​ការចូលរួម​របស់​សាធារណជន​ទាំងអស់​ ​បាន​បង្ហាញ​ពី​ការ​ ​លើកទឹកចិត្ត​របស់​ក្រុម​យុវជន​ចាម្ប៍​ក្នុង​ការ​បន្ត​បេសកកម្ម​របស់​ខ្លួន​ទៅមុខ​ទៀត​ ​ដើម្បី​រក្សា​ប្រពៃណី​វប្បធម៌​របស់​ជនជាតិ​ចាម្ប៍ ​ដែល​ជា​វប្បធម៌​ចម្រុះ​មួយ​នៅ​កម្ពុជា​៕​​