ក្រុមហ៊ុនជប៉ុន បោះទុនជាង១លានដុល្លារអាម៉េរិកសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមនៅខេត្តកំពង់ធំ

0
54

នារសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញបើកការដ្ឋានសាងសង់ពង្រីករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីបន្ថែមដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស នៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាការវិនិយោគរបស់ក្រុមហ៊ុន មីរ៉ាក់ អាហ្ត្រីថេក ឯ.ក ដែលត្រូវចំណាយទុនជាង ១លានដុល្លារអាម៉េរិក ។

ឯកឧត្តម តូច ប៊ុនហួរ លើកឡើងថា ខេត្តកំពង់ធំត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថា ជាខេត្តផលិតគ្រាប់ស្វាយចន្ទីឈានមុខគេក្នុងប្រទេសកម្ពុជា ។គ្រាប់ស្វាយចន្ទីរបស់ប្រទេសកម្ពុជាមានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ហើយក៏ទទួលបានការវាយតម្លៃខ្ពស់ ពីប្រទេសនានា រួមមានប្រទេសជប៉ុនផងដែរ ។ ឯកឧត្តមបន្តថា គ្រាប់ស្វាយចន្ទីដែលផលិតក្នុងប្រទេសកម្ពុជា ភាគច្រើនត្រូវបាននាំចេញទាំងដែលមិនទាន់កែច្នៃ ។ នេះគឺដោយសារតែការកង្វះនូវកន្លែងសម្រាប់សម្ងួត, ឃ្លាំងស្តុកទុក, និងរោងចក្រកែច្នៃ ដែលជាមូលហេតុបង្ខំឱ្យ មានការលក់គ្រាប់ស្វាយចន្ទី ក្នុងតម្លៃទាបភ្លាម ៗ បន្ទាប់ពីប្រមូលផល ។

ឯកឧត្តម បន្ថែមថា ដោយឃើញពីសក្តានុពល នៃផលិតផលគ្រាប់ស្វាយចន្ទី សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី បានផ្តល់ការណែនាំដល់គណៈកម្មាធិការគោលនយោបាយ សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ (គ.ស.ហ) ឱ្យធ្វើការដឹកនាំរៀបចំ និងដាក់ចេញនូវវិធានការចាំបាច់នានា ក្នុងការជំរុញការកែច្នៃនិងការនាំចេញផលិតផលគ្រាប់ស្វាយចន្ទី ។ ក្នុងនោះរួមមាន៖ ១- ពង្រឹង និងពង្រីកការនាំចេញគ្រាប់ស្វាយចន្ទី ដោយចាប់ផ្ដើមពីផលិតផលពាក់កណ្ដាលសម្រេចសិន ។ ពោលគឺ ផ្តោតលើការនាំចេញគ្រាប់ស្វាយចន្ទីស្ងួត ហើយក្នុងជំហានបន្ទាប់បន្តពង្រឹង និងពង្រីកការកែច្នៃគ្រាប់ស្វាយ ចន្ទី ក្នុងបរិមាណដែលអាចផ្តល់ទុនបាន ។ ២- ការបន្តពង្រឹងការធ្វើម៉ាក និងទីផ្សារផលិតផលគ្រាប់ស្វាយចន្ទីកម្ពុជា ។ ៣- ការជំរុញការចងក្រង និងការបង្កើតសហគមន៍កសិករស្វាយចន្ទី ។ ៤- ការពិនិត្យលទ្ធភាព ក្នុងការបង្កើនទុនបង្វិល សម្រាប់ប្រមូលទិញគ្រាប់ស្វាយចន្ទី ដើម្បីកែច្នៃ និង ការបង្កើនទុនវិនិយោគ លើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ស្តុក និងកែច្នៃគ្រាប់ស្វាយចន្ទី ។

ខេត្តកំពង់ធំមានផ្ទៃដីដាំដុះដំណាំកសិ-ឧស្សាហកម្ម ដូចជា៖ ដំណាំស្វាយចន្ទីដាំបានចំនួន១៤៥ ៣០០ហិកតា ប្រមូលផលសរុបបាន ៨០ ០០០ហិកតា និងទទួលបានទិន្នផលជាមធ្យម ១,៥តោន ក្នុង១ហិកតា ក្នុង១ឆ្នាំ ។ ខេត្តកំពង់ធំមានសហគ្រាសសិប្បកម្ម កែច្នៃគ្រាប់ស្វាយចន្ទីចំនួន ០៧កន្លែង និងមានម៉ាស៊ីនសម្ងួត ២៣កន្លែងផងដែរ ។

គួរបញ្ជាក់ផងដែរថា ការបើកការដ្ឋានសាងសង់ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មានទំហំ ៥៨ ម៉ែត្រ គុណ ២០ម៉ែត្រ ដោយប្រើប្រាស់ទុនជាង១លានដុល្លារអាម៉េរិក និងអាចផលិតបាន ១០តោនក្នុង១ថ្ងៃ ក្នុងកម្រិតកុងត្រា ១៥០០តោន ក្នុង១ឆ្នាំ សម្រាប់ឆ្នាំដំបូង និងសម្រាប់ឆ្នាំបន្ទាប់ ៣ ០០០តោនក្នុង១ឆ្នាំ។ ការសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី មានរយ:ពេល៤ខែ ចាប់ពីខែមីនា ដល់ចុងខែមិថុនា ឆ្នាំ២០២៤ ។ ក្នុងនោះក៏មានការចុះអនុស្សរណៈកិច្ចសន្យា ជាមួយនឹងសហគមន៍ចំនួន១០ ដែលមាននៅខេត្តព្រះវិហារចំនួន៥ និងនៅខេត្តកំពង់ធំចំនួន៥ ផងដែរ ៕