ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ​បន្តរក្សាតម្លៃដដែល ដើម្បីជាការអបអរសាទរខួបគម្រប់១ឆ្នាំនៃការ បើកឲ្យប្រើប្រាសផ្លូវនេះ

0
540

ភ្នំពេញ៖ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានសម្រេចបន្តរក្សាតម្លៃដដែល (បញ្ចុះតម្លៃ២០ភាគរយ) ក្នុងរយៈពេលពេញ១ឆ្នាំទៀត ចំពោះអ្នកប្រើប្រាស់គន្លង ETC និងគន្លង ANPR ដោយគិតពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ដើម្បីជាការអបអរសាទរនូវខួបគម្រប់១ឆ្នាំនៃការបើកឱ្យប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងដោយមានការសម្របសម្រួលពីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេច នាយករដ្ឋមន្ត្រីនៃកម្ពុជា ។

ចំពោះអ្នកប្រើប្រាស់ផ្លូវដែលទូទាត់ជាសាច់ប្រាក់សុទ្ធ (MTC) ក្រុមហ៊ុនក៏នឹងបន្តរក្សាតម្លៃនៅដដែល (បញ្ចុះតម្លៃ២០ភាគរយ) សម្រាប់រយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។ ចំពោះសេវាធ្វើដំណើរ នឹងត្រូវគណនាតាមចម្ងាយជាក់ស្តែងនៃការបើកបរ និងតាមប្រភេទយានយន្ត។ នេះបើតាមការបញ្ជាក់របស់ ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងថា គិតពីថ្ងៃទី០១ វិច្ឆិកា ២០២២ ដល់ថ្ងៃទី៣១ តុលា ២០២៣ មានយានយន្តប្រមាណ ៤,៦៨លានគ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿនថ្មីនេះ ហើយថវិកាដែលក្រុមហ៊ុនទទួលបានរយៈពេល១ឆ្នាំនេះគឺប្រមាណ៣៥លានដុល្លារ។ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនខ្សែទី១របស់កម្ពុជា ត្រូវបានរៀបចំបើកឱ្យប្រើប្រាស់ជាផ្លូវការនៅវិមានសន្តិភាពកាលពីថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេច ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងលោក លី ខឺឈាង អតីតនាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។

គួរជម្រាបថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុប១៨៧,០៥គីឡូម៉ែត្រ។ផ្លូវមួយខ្សែនេះបានដើរតួយ៉ាងសំខាន់ ក្នុងការនាំយកបទពិសោធន៍នៃការធ្វើដំណើរថ្មី ចំណេញពេលវេលា កាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរជូនប្រជាពលរដ្ឋ។ ផ្លូវល្បឿនលឿនខ្សែទី១ ក៏បានចូលរួមសម្រួលដល់ការដឹកជញ្ជូនទំនិញរវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលជំរុញឱ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើនផងដែរ៕