ក្រុមហ៊ុន CiC ៖ លោក ព្រាប កុល មិនបានពាក់ព័ន្ធនឹងការកិបកែងប្រាក់មូលនិធិ៨០លានដុល្លាអាមេរិក ពីស្ថានប័នរបស់ខ្លួនទេ 

0
40

(ភ្នំពេញ)៖ ប្រធានគណ:កម្មការនៃក្រុមហ៊ុនវិនិយោគ CiC បានចេញលិខិត១ច្បាប់ផ្ញើជូនលោក ព្រាប កុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដោយបញ្ជាក់ថា ខ្លួនមានការសោកស្តាយដែលមានព័ត៌មានផ្សព្វផ្សាយចោទថា លោក ព្រាប កុល បានពាក់ព័ន្ធនឹងការកិបកែងប្រាក់មូលនិធិចំនួន៨០លានដុល្លាអាមេរិក ពីស្ថានប័នរបស់ខ្លួន។

នៅក្នុងលិខិតដដែលនោះ ប្រធានគណកម្មការនៃក្រុមហ៊ុន CiC បានបញ្ជាក់ថា លោក ព្រាប កុល មិនធ្លាប់មានតួរនាទីនៅក្នុងរចនាសម្ព័ន្ធ នៃគណៈគ្រប់គ្រង ឬក្រុមប្រឹក្សាភិបាលនៃស្ថាប័ន CiC នោះទេ ចាប់តាំងពីការបង្កើត CiC រហូតមកទល់ពេលនេះ ហើយឆ្លងតាមការពិនិត្យឯកសារ និងកំណត់ត្រានានា នឹងប្រតិបត្តិការហិរញវត្ថុ ក៏ពុំបានបង្ហាញថា មានចរន្តសាច់ប្រាក់បញ្ចេញពី CiC ទៅលោក ព្រាប កុល ដែរ។

ការបញ្ជាក់នេះធ្វើឡើងក្រោយមានការចុះផ្សាយដោយម្ចាស់គណនេយ្យក្លែងក្លាយឈ្មោះ Chivann Pen ដែលបានបង្ហោះសារបង្ខូចកេរ្តិ៍ឈ្មោះ ឯកឧត្តម ព្រាប កុល ដែលជាមន្ត្រីជាន់ខ្ពស់មួយរូបក្នុងជួររាជរដ្ឋាភិបាល។

តាមប្រភពពត៌មានច្បាស់ការបានឱ្យដឹងថា ម្ចាស់គណនីហ្វេសប៊ុកក្លែងក្លាយឈ្មោះ Chivann Pen ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយតុលាការកំពុងដំណើរការនីតិវិធីតាមផ្លូវច្បាប់៕