ក្រុមអ្នកជំនាញចាប់ផ្ដើមរៀបចំជួសជុលប្រព័ន្ធបង្ហូរទឹកបុរាណនៅប្រាសាទបាយ័នឡើងវិញដើម្បី រំដោះទឹកចេញពីប្រាសាទ

0
67

សៀមរាប៖ យោងតាមការឲ្យដឹងពី កញ្ញា ម៉េង សុវណ្ណលីលីន ស្ថាបត្យករ និងជាអ្នកគ្រប់គ្រងការដ្ឋានប្រាសាទបាយ័ន បានឱ្យដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០៣៤នេះថា បច្ចុប្បន្ន កម្រាលថ្មរបស់រោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិច នៃប្រាសាទបាយ័នបានស្រុត ហើយទាមទារឱ្យក្រុមការងារត្រូវ តែរុះរើផ្ទាំងថ្មចេញសិន ទើបយកមកផ្គុំសាកល្បងឡើងវិញ ដើម្បីជួសជុល។

ក្រុមអ្នកជំនាញរបស់នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិ អប្សរា បានរើគំនរផ្ទាំងថ្មជាច្រើនរយដុំ ដែលអ្នកអភិរក្សជំនាន់បារាំងនាដើមសតវត្សរ៍ទី២០ ដើម្បីជួសជុលកម្រាលដែលស្រុត ព្រមទាំងរៀបចំប្រព័ន្ធបង្ហូរទឹកបុរាណនៅរោងទងទី១ ផ្នែកខាងត្បូងឆៀងខាងលិចរបស់ប្រាសាទបាយ័នឡើងវិញ។

ចំណែក ប្រព័ន្ធបង្ហូរទឹកបុរាណវិញ មិនដំណើរការយូរឆ្នាំមកហើយ។ ក្នុងអំឡុងពេល មានភ្លៀងធ្លាក់ម្តងៗ គឺមានស្ទះទឹក ទើបក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើការជួសជុល ឡើងវិញ ដើម្បីឱ្យមានដំណើរការរំដោះទឹកចេញពីប្រាសាទបាយ័នទៅខាងក្រៅ។

ការរើថ្មកម្រាលរោងទងទី១ និងជួសជុល ប្រព័ន្ធបង្ហូរទឹកនេះគឺមានសារសំខាន់ ដើម្បីរកវិធីបញ្ចៀសទឹកភ្លៀងចេញពីខាងលើរួតទី៣ ដែលហូរធ្លាក់មកក្រោយប្រាសាទឱ្យកាន់តែលឿន និងកាត់បន្ថយបរិមាណទឹកភ្លៀង ហូរចូលទៅក្នុងគ្រឹះប្រាសាទ។នេះបើតាមការឲ្យដឹងពីស្ថាបត្យករខាងលើ។

អ្នកជំនាញពន្យល់ថា កាលណា បរិមាណទឹកភ្លៀងហូរចូលទៅក្នុងគ្រឹះប្រាសាទច្រើន វាអាចនាំឱ្យដីល្បាប់ខ្សាច់ហូរចេញទៅតាមទឹកភ្លៀង។ កាលណាដីល្បាប់ខ្សាច់ហូរចេញពី ប្រាសាទច្រើនគឺវានឹងធ្វើឱ្យគ្រឹះប្រាសាទខ្សោយ៕