ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា អះអាងថាកំពុងតែមមាញឹកជួសជុលកំពង់ទឹកខាងកើតប្រាសាទព្រះខ័នឲ្យបានឆាប់រហ័សបំផុត ខណៈជិតរួចរាល់ជាស្ថាពរ

0
662

ក្រុមអ្នកជំនាញនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានលើកឡើងថា​ គម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័នជិតរួចរាល់ជាស្ថាពរហើយ ដោយបច្ចុប្បន្ន នៅតែជួសជុលបង្ហើយពង្រឹងជើងទំនប់ខាងលិចនៃបារាយណ៍ជ័យតដាក ដែលតភ្ជាប់ពីខឿនកំពង់ទឹកទៅកាន់ផ្លូវចូលប្រាសាទព្រះខ័នខាងកើត មានសភាពទ្រុឌទ្រោមខ្លាំង ដោយសារតែទឹកហូរច្រោះកំណកដី។

ជាក់ស្តែងបើតាមឲ្យដឹងពីលោក ជា សារិទ្ធ បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន បានឱ្យដឹងថា ក្រុមការងារកំពុងតែមមាញឹកស្តារកំណកដីពីផ្លូវចូលខាងកើត ហើយយកទៅចាក់បិទខ្នងទំនប់បារាយណ៍ជ័យតដាក ដើម្បីបំពេញត្រង់ចំណុចដែលបាក់ស្រុត  ដោយសារទឹកហូរច្រោះឱ្យឃើញនូវរូបរាងដើមវិញ។ ម្យ៉ាងវិញទៀត ការស្ដារកំណកដីផ្លូវចូលនេះ គឺដើម្បីជួយសម្រួលដល់ទេសចរ និងបង្ហាញឱ្យឃើញឡើងវិញនូវរចនាសម្ព័ន្ធផ្លូវដែលក្រាលដោយថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនានៅអមសងខាងផ្លូវ ជាសំណង់ប្រវត្តិសាស្ត្រមួយចំណោមសំណង់ផ្សេងទៀត នៅប្រាសាទព្រះខ័ន។

បុរាណវិទូ និងជាអ្នកគ្រប់គ្រងគម្រោងជួសជុលការដ្ឋានកំពង់ទឹកប្រាសាទព្រះខ័ន បានបញ្ជាក់យ៉ាងច្បាស់ទៀតថា សព្វថ្ងៃ ទាំងកម្រាលថ្មបាយក្រៀម និងថ្មគោលព្រះពុទ្ធសាសនាកប់ក្នុងដីជម្រៅប្រមាណជាង១ម៉ែត្រ បណ្តាលឱ្យថ្មរងការពុកផុយ។ កន្លងមក អភិរក្សដ្ឋានអង្គរនៃសាលាបារាំងចុងបូព៌ាធ្លាប់ធ្វើកំណាយសម្អាតដីលើផ្លូវនេះរួចម្តងហើយ៕