ក្រុមអ្នកជំនាញ នឹងបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិល នាចុងឆ្នាំ២០២៣នេះ

0
813

យោងតាមផេកផ្លូវការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា ក្រុមអ្នកជំនាញ ជិតបញ្ចប់ការងារជួសជុលប្រាសាទតាព្រហ្មកិលហើយ ពោលគឺនៅបង្ហើយតែការងារនៅសេសសល់មួយចំនួនទៀតប៉ុណ្ណោះ បើសិនមិនមានបញ្ហារាំងស្ទះណាមួយទេ កិច្ចការនេះនឹងបញ្ចប់នៅចុងឆ្នាំ២០២៣ខាងមុខ។

តើតាមការឲ្យដឹងពី លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល និងជាស្ថាបត្យករ នៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានឱ្យដឹងថា តាមរយៈការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមអ្នកជំនាញ បានដំណើរការជួសជុលប្រាសាទតាព្រហ្មកិល ដោយចាប់ផ្តើមកាលពីពាក់កណ្តាលឆ្នាំ២០២៣មក។

បច្ចុប្បន្នកិច្ចការងារនេះ សម្រេចលទ្ធផលបានប្រមាណ៧០ភាគរយ គ្រោងនឹងបញ្ចប់គម្រោងជួសជុលនាចុងឆ្នាំ២០២៣ខាងមុខ។

ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិលបានបន្ថែមថា ប្រាសាទព្រហ្មកិលបានរងការខូចខាតទ្រុឌទ្រោមខ្លាំង ដោយសារថ្មខ្លះបានធ្លាក់កប់ដី នៅរាយប៉ាយ ហើយតួប៉មកណ្តាល បានបាក់រលុះអស់មួយចំហៀង នៅជ្រុងខាងត្បូង និងខាងលិច។ ដោយឡែកដំណើរការជួសជុលវិញ បានបែងចែកជាបីដំណាក់កាល រួមមាន៖ ជួសជុលខឿន ជញ្ជាំង និងកំពូលនៃប្រាសាទ។ ខណៈការជួសជុលផ្នែកខឿន និងជញ្ជាំង បានរួចរាល់ហើយ នៅសល់តែការជួសជុលរួតទាំង៥ នៃកំពូលប្រាសាទប៉ុណ្ណោះ។

លោក ម៉ៅ សុខនី បានបញ្ជាក់ទៀតថា ការងារបន្ទាប់ក្រោយបញ្ចប់ ការជួសជុលតួប៉ម នៃប្រាសាទតាព្រហ្មកិលហើយ ក្រុមអ្នកជំនាញគ្រោងរៀបចំកែសម្រួល នៅចំណុចខ្លោងទ្វារច្រកចូលនៃប្រាសាទ ឱ្យមានភាពរឹងមាំឡើងវិញ។

សូមបញ្ជាក់ថា ប្រាសាទតាព្រហ្មកិល មានតួនាទីជាហោសម្រាប់មនុស្សបន់ស្រន់ នៅក្នុងមន្ទីរពេទ្យមួយ ក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំ កសាងឡើងក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ នៃគ្រិស្តសករាជ ប្រាសាទនេះ មានទីតាំងនៅផ្នែកខាងលិចឈៀងខាងជើង នៃប្រាសាទអង្គរវត្ត៕