ក្រុមអ្នកបុរាណវិទ្យាគ្រោងធ្វើឱ្យប្រាសាទបាយ័នមានស្រះទឹកដូចពីសម័យបុរាណឡើងវិញ

0
101

កំណាយដែលក្រុមការងារកំពុងធ្វើនោះ គឺជា កំណាយសង្គ្រោះដែលជាគម្រោងរបស់នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនា សម្ពន្ធសម្រាប់សិក្សា ដើម្បីចង់ដឹងឱ្យប្រាកដ ថាតើរចនាសម្ពន្ធរបស់ស្រះកាលពីសម័យ បុរាណមានទំហំប៉ុណ្ណា? តើមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ? ហើយតើអាចម៍ដី ដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹកឬក៏ជាអាចម៍ដីដែល គេចាក់លុបនៅ ក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី?។នេះបើតាមលោក ខៀវ ច័ន្ទ បុរាណវិទូ បានលើកឡើង

លោកបានបញ្ជាក់ថា ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅ ផ្នែកទិសអាគ្នេយ៍ជាប់ប្រាសាទបាយ័ន ដែលគេជឿថាពីមុនគឺជារចនាសម្ពន្ធរបស់ស្រះ ទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុក ទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។

លោក ខៀវ ច័ន្ទ ឱ្យដឹងទៀតថា ការធ្វើកំណាយស្រាវជ្រាវនេះ ក្នុងគោលបំណងសិក្សា អំពីទំនាក់ទំនងរវាងស្រះទឹក និងកំពែងបុរាណ ដើម្បីឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ ស្រះទឹកសម័យបុរាណនោះ មានទំហំត្រឹមណាឱ្យពិតប្រាកដ?។

លោកបានបញ្ជាក់បន្ថែមទៀតថា នៅពេលណាដែលអ្នកជំនាញបានសិក្សា ស្រាវជ្រាវ ពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្រ រួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅ ប្រាសាទបុរាណបាយ័នឱ្យ ដូចសម័យកាលបុរាណឡើងវិញ៕