សៀមរាប៖ យោងតាមប្រសាសន៍របស់ឯកឧត្តម លី សែ អគ្គនាយកគ្រឹះស្ថានអង្គរ បានលើកឡើងថា ភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាប្រាសាទអង្គរ និងប្រាសាទកោះកេរ មានការកើនឡើងគួរឱ្យកាត់សំគាល់ ដោយក្នុងមួយថ្ងៃមានចំនួនជាង ២ពាន់ បន្ទាប់បើកដំណើរការអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ កាលពីថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣កន្លងមកនេះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី២៤ ខែតុលាឆ្នាំ២០២៣នេះ លោកអគ្គនាយកគ្រឹះស្ថានអង្គរ បានមានប្រសាសន៍ថា «ចាប់ពីដំណើរការព្រលានយន្ដហោះថ្មី ភ្ញៀវទេសចរអន្ដរជាតិ បានទៅទស្សនាប្រាសាទអង្គរ មានការកើនឡើងពីជាង១៨០០នាក់ ដល់ជាង២ពាន់ ក្នុងមួយថ្ងៃ ។
ឯកឧត្ដមបន្ដថា បើទោះបីកំណើនអ្នកទេសចរនេះ មិនទាន់ខ្លាំង ដែលកម្ពុជាចង់បានក៏ពិតមែន ក៏ប៉ុន្ដែវាជាសារមួយបង្ហាញថា អ្នកទេសបរទេសកំពុងតែសន្ទុះកើនឡើងជាបន្ដបន្ទាប់។ឯកឧត្ដមរំពឹងថា អ្នកទេសចរនឹងបន្ដទៅកំសាន្ដក្នុងខេត្ដសៀមរាបច្រើនថែមទៀត។
ជាមួយគ្នានេះ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ចាប់ពីថ្ងៃទី២០ខែតុលាឆ្នាំ២០២៣នេះ មានអ្នកទេសចរអន្ដរជាតិ ទិញប័ណ្ណចូលទស្សនាអង្គរ មានប្រភេទប័ណ្ណមួយថ្ងៃ បីថ្ងៃ និងមួយសប្ដាហ៍ ។
គួរបញ្ជាក់ថា បើតាមរបាយការណ៍នៅថ្ងៃទី២០ខែតុលា មានចំនួន២ពាន់១៥នាក់ ប្រាសាទកោះកេរចំនួន២៦នាក់ ។នៅថ្ងៃទី២១ខែតុលាមានចំនួន២ពាន់៩៣នាក់ ប្រាសាទកោះកេរ មានចំនួន៥៩នាក់ ។នៅថ្ងៃទី២២ខែតុលាមានចំនួន២២៤៨នាក់ ប្រាសាទកោះកេរ មានចំនួន៤៣នាក់ ។នៅថ្ងៃទី២៣ខែតុលាមានចំនួន ២២២៦នាក់ ខណៈដែលប្រាសាទកោះកេរមានចំនួន៧១នាក់ ក្នុងមួយថ្ងៃ។ដោយឡែក របាយការណ៍ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរ និងប្រាសាទកោះកេរ ជិត៧ពាន់៕