បាត់ដំបង ៖ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបានប្រាប់ថា បាត់ដំបង ជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់មួយនៅតំបន់ពាយ័ព្យទិសនៃប្រទេសកម្ពុជា និងជាខេត្ត ដែលមានតំបន់ទេសចរណ៍ដ៏ច្រើនសំបូរបែប ទាំងតំបន់រមណីយដ្ឋានធម្មជាតិ កែច្នៃ វប្បធម៌ និងប្រវត្តិសាស្ត្របាននិងកំពុងទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តយ៉ាងច្រើនគួរឱ្យកត់សម្គាល់ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៣នេះ នេះបើតាមការណ៍ឲ្យដឹងនៅថ្ងៃទី១៦ តុលា ឆ្នាំ២០២៣ ។
លោកអនុប្រធានមន្ទីរទេសចរណ៍រូបនេះបន្តថា សម្រាប់ឆ្នាំនេះស្ថានភាពនៃពិធីបុណ្យភ្ជុំបិណ្ឌ ជាពិសេសនៅក្នុងរយៈពេល៣ថ្ងៃចុងក្រោយនេះ អាកាសធាតុមានអំណោយផលល្អ មិនមានភ្លៀង ធ្វើឱ្យដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងនៅតាមតំបន់រមណីយដ្ឋាននានាក្នុងខេត្តបាត់ដំបង មានការកើនឡើងជាងឆ្នាំមុន ។
លោក ហម អរុណ បន្តទៀតថា តំបន់រមណីយដ្ឋាន ដែលភ្ញៀវទេសចរនិយមទៅលេងកម្សាន្តច្រើន គឺរមណីយដ្ឋានបា្រសាទបាណន់ ដែលភ្ញៀវទេសចរភាគច្រើនទៅពិសាអាហារ និងជិះឡូរីលេងកម្សាន្ត តំបន់រមណីយដ្ឋានភ្នំសំពៅ ពេលល្ងាចភ្ញៀវទេសចរចូលចិត្តមើលហ្វូងសត្វប្រជៀវចេញប្រសេចប្រសាចទៅកាន់គោលដៅរបស់វា និងតំបន់ទេសចរណ៍ ដែលមានទឹកធ្លាក់ដូចជានៅស្រុករតនមណ្ឌល ស្រុកសំឡូត និងតំបន់ទេសចរណ៍បែបវប្បធម៌ប្រាសាទឯកភ្នំ របស់ស្រុកឯកភ្នំ ជាដើម ។
លោក អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបង្ហាញថា ឈរលើសក្តានុពលទេសចរណ៍ ដែលខេត្តបាត់ដំបងមាននេះហើយ បានធ្វើឱ្យខេត្តបាត់ដំបង មានភ្ញៀវទេសចរមកលេងកម្សាន្ត ក្នុងខេត្តបាត់ដំបង មានការកើនឡើងជារៀងរាល់ឆ្នាំនៅក្នុងឱកាសបុណ្យជាតិម្តងៗ ពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃចុងក្រោយនេះ គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ខេត្តបាត់ដំបង ទទួលភ្ញៀវទេសចរបានសរុប ២១២,៧៨៦ នាក់ កើនឡើង១.២៧% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ២១០,១២១ នាក់ ក្នុងនោះ
ភ្ញៀវជាតិចំនួន២១២,៣២៩ នាក់ កើនឡើង១.២២% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន ២០៩,៧៦៤នាក់ ភ្ញៀវអន្តរជាតិចំនួន៤៥៧ នាក់ កើនឡើង២៨.០១% ប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ មានចំនួន៣៥៧នាក់ ។
គួរបញ្ជាក់ផងដែរថា ហេតុផលដែលនាំឱ្យភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តបាត់ដំបង មានការកើនឡើងច្រើនជារៀងរាល់ឆ្នាំនោះ ក៏ដោយសារតែកត្តាផ្លូវថ្នល់ទៅកាន់តំបន់រមណីយដ្ឋាន និងគោលដៅទេសចរណ៍នានាត្រូវបានស្ថាបនាបានល្អ និងសន្តិសុខសណ្តាប់ ត្រូវបានពង្រឹងជាបន្តបន្ទាប់ ជាពិសេសមន្ត្រីជំនាញរបស់មន្ទីរទេសចរណ៍ខេត្ត បានចុះជាប់ជាប្រចាំ ដើម្បីធ្វើការណែនាំដល់ម្ចាស់រមណីយដ្ឋានមិនឱ្យមានការឡើងថ្លៃសេវាកម្មរបស់ខ្លួន ដូចជា ម្ហូបអាហារ និងការស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ជាដើម ដើម្បីបង្កើនជំនឿទុកចិត្តពីភ្ញៀវទេសចរមកលេងខេត្តបាត់ដំបងហើយចង់មកលេងម្តងទៀតនៅពេលក្រោយៗទៀតផងដែរ ៕