ខ្លោងទ្វារតាកាវ កាន់តែមានភាពទាក់ទាញខ្លាំង ក្រោយបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់

0
882

ក្រោយបានក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលរួចរាល់ ខ្លោងទ្វារតាកាវកាន់តែមានភាពទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ ពោលមានអ្នកទេសចរជាតិ-អន្តរជាតិកាន់តែច្រើនឡើងៗទៅទស្សនា និងថតរូបនៅខ្លោងទ្វារតាកាវ បន្ទាប់ពីក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់ រួមទាំងចម្លាក់ទេវតា និងអសុរៈទាញព្រ័ត្របានមួយចំនួន ហើយកែលម្អផ្លូវផង ងាយស្រួលភ្ញៀវទេសចរអាចឆ្លងកាត់ និងមានសុវត្ថិភាព។

ភ្ញៀវទេសចរជាតិជាច្រើន បានសម្តែងអារម្មណ៍សប្បាយរីករាយ និងលើកឡើងថា ខ្លោងទ្វារតាកាវ ស្ថិតនៅទិសខាងលិចនៃក្រុងអង្គរធំ មានចំណុចពិសេសជាងខ្លោងទ្វារផ្សេងៗទៀត ដោយសារតែខ្លោងទ្វារនេះ មានពន្លឺព្រះអាទិត្យរៀបលិចចាំងលើ ធ្វើឱ្យសម្រស់ខ្លោងទ្វារកាន់តែស្រស់ស្អាត។ ខ្លោងទ្វារតាកាវមិនត្រឹមតែជាកេរដំណែលរបស់បុព្វបុរសខ្មែរប៉ុណ្ណោះទេ ថែមទាំងអាចទស្សនាថ្ងៃរៀបលិច កសិន្ធុព័ទ្ធជុំវិញ ថតរូបជាមួយនិងប្លង់ស្អាតៗផង។ ក្រៅតែពីការថតរូប ទេសចរចំណាយពេល ចំណាយអារម្មណ៍ជាមួយទិដ្ឋភាពថ្ងៃរៀបលិច នឹងទទួលបានអារម្មណ៍ស្រស់ស្រាយទៅតាមធម្មជាតិ ផ្ទៃមេឃ ពន្លឺព្រះអាទិត្យរៀបអស្តង្គត បូកជាមួយស្ថាបត្យកម្មដ៏អស្ចារ្យរបស់ដូនតា ដែលនេះជាការចងចាំដ៏ល្អ និងមានក្តីសុខផ្លូវចិត្ត។

ជាក់ស្តែងដូចលោក វណ្ណី ពិសិដ្ឋ  បានបង្ហាញចំណាប់អារម្មណ៍ភ្ញាក់ផ្អើលថា ពេលរូបលោក ឃើញខ្លោងទ្វារតាកាវ បន្ទាប់ពីអាជ្ញាធរជាតិអប្សរាបានជួសជុលតួខ្លោងទ្វាររួចរាល់នេះ មានភាពរឹងមាំ និងស្រស់ស្អាតខ្លាំងណាស់ ហើយលោកក៏មិនធ្លាប់បានឃើញ ឬស្គាល់ពីមុនសោះឡើយ នេះជាមោទនភាពរបស់ខ្មែរសម្រាប់ឱ្យក្មេងជំនាន់ក្រោយបានសិក្សាស្វែងយល់។

គួរបញ្ជាក់ផងដែរថា អាជ្ញាធរជាតិអប្បរាបានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ខណៈការជួសជុលខ្លោងទ្វារតាកាវនេះ ត្រូវចំណាយពេលវេលាចំនួន២ឆ្នាំទើបរួចរាល់៕