គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ អ្នកប្រើប្រាស់ ប័ណ្ណប.ស.ស មានចំនួនជិត២,២លាននាក់ ខណៈមានមូលដ្ឋានសុខាភិបាលចំនួន១៥១៨ បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស នៅទូទាំងប្រទេសកម្ពុជា

0
138

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថាគិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ សមាជិកដែលប្រើប្រាស់របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព មានសរុបចំនួនជាង ៣,២លាននាក់។ ក្នុងនោះ ក្នុងឆមាសទី១ ឆ្នាំ២០២៣ អ្នកដែលបានប្រើប្រាស់ ប័ណ្ណ ប.ស.ស. សម្រាប់ទទួលសេវាថែទាំសុខភាព នៅតាមមូលដ្ឋានសុខាភិបាលរបស់រដ្ឋ និង ឯកជន មានចំនួនជិត២,២លាននាក់។ គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ មានមូលដ្ឋានសុខាភិបាលចំនួន១៥១៨ បានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. នៅទូទាំងប្រទេសកម្ពុជា ដែលរួមមានទាំងមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងមូលដ្ឋានសុខាភិបាលឯកជន។

បើតាមលោក ម៉ៅ សុភក្តី ប្រធានក្រុមភ្នាក់ងារ ប.ស.ស. ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង បញ្ជាក់ថា ជាមធ្យមក្នុងថ្ងៃធម្មតា មានអ្នកជម្ងឺប្រមាណ៦០០នាក់ មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ នៅក្នុងមន្ទីរពេទ្យនេះ ដោយប្រើប្រាស់ ប័ណ្ណ ប.ស.ស.។ ដោយឡែក សម្រាប់ថ្ងៃអាទិត្យ អាចកើនដល់ជាង១ពាន់នាក់។

លោកប្រធានភ្នាក់ងារ ប.ស.ស ប្រចាំមន្ទីរពេទ្យព្រះអង្គឌួង  បានមើលឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ អ្នកប្រើប័ណ្ណ ប.ស.ស. មកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺនៅមន្ទីរពេទ្យនេះ កាន់តែកើនឡើង ដោយជាមធ្យមក្នុងមួយខែមានប្រហែលជា ៣ម៉ឺននាក់។ ដូចនេះ ទើបមន្ត្រីផ្នែក ប.ស.ស. ត្រូវប្រចាំការឆ្លាស់វេនគ្នា២៤ម៉ោង លើ២៤ម៉ោង ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ នៅក្នុងមន្ទីរពេទ្យព្រះអង្គឌួងនេះ ដើម្បីរង់ចាំសម្រួលដល់អ្នកមកទទួលសេវាពិនិត្យ និងព្យាបាលជម្ងឺ ដែលមានប័ណ្ណ ប.ស.ស.។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់វិស័យឯកជន (កម្មករនិយោជិត) ចាប់ពីឆ្នាំ២០១៦ និងសម្រាប់វិស័យសាធារណៈ (មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ អតីតយុទ្ធជន) ចាប់ពីឆ្នាំ២០១៨៕