គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតីហ៊ុន ម៉ាណែត បានជួបជាមួយក្រុមហ៊ុនធំៗរបស់ចិនចំនួន០៤ក្រុមហ៊ុនហើយ ក្នុងឱកាសដែលសម្តេចចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅប្រទេសចិន

0
431

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  បានជួបជាមួយក្រុមហ៊ុនធំៗរបស់ចិនចំនួន០៤ក្រុមហ៊ុនហើយ ក្នុងឱកាសដែលសម្តេចចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅប្រទេសចិន។ នៅក្នុងជំនួបនោះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជាបានពិភាក្សាពីការវិនិយោគក្នុងវិស័យអចលនទ្រព្យ, សុខាភិបាល, ផ្កាយរណប, វិស័យកសិកម្ម, ថាមពល, ហេដ្ឋារចនាសម្ព័ន្ធ និងពិភាក្សាពីការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែកកម្ពុជា។

នាយករដ្ឋមន្រ្តីក​ម្ពុជា បានថ្លែងអំណរគុណ និងគាំទ្រចំពោះគម្រោងវិនិយោគនានារបស់ក្រុមហ៊ុន China Railway Construction Corporation (CRCC) នៅកម្ពុជា ជាពិសេស ការវិនិយោគក្នុងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងប្រព័ន្ធផ្លូវដែក ដែលជាផ្នែកមួយដ៏សំខាន់នៃការពង្រឹងវិស័យឡូជីស្ទីក។ ជាមួយគ្នានេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យបន្តពង្រីកការវិនិយោគទៅលើវិស័យផ្សេងៗទៀតដែលក្រុមហ៊ុនមានបទពិសោធន៍ និងមានលទ្ធភាព។

 ក្នុងឱកាសអនុញ្ញាតឱ្យលោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Railway Construction Corporation (CRCC) ចូលជួបសម្តែងការគួរសម ក្នុងឱកាសចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធផ្លូវដែកគឺដើម្បីឱ្យមានសមត្ថភាពគ្របដណ្តប់ទូទាំងប្រទេស។ សម្តេចធិបតី បានសង្កត់ធ្ងន់លើគោលដៅចំនួន០២ គឺការពិនិត្យលទ្ធភាពលើការជួសជុល និងទំនើបកម្មផ្លូវដែកដែលមានស្រាប់ និងការសិក្សាលើការតភ្ជាប់ប្រព័ន្ធផ្លូវដែកពីភ្នំពេញ-បាវិត និងប៉ោយប៉ែត-សៀមរាប ក៏ដូចជាការតភ្ជាប់រហូតដល់ព្រំដែនវៀតណាមដោយឆ្លងកាត់ខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរី។

ក្នុងឱកាសនេះដែរ លោក វ៉ាង ជៀនភីង (Wang Jianping) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CRCC បានថ្លែងប្រាប់សម្តេចថា គិតមកដល់ពេលបច្ចុប្បន្នក្រុមហ៊ុន CRCC មានគម្រោងវិនិយោគសរុបចំនួន ៥៣ ជាមួយនឹងដើមទុនប្រមាណ ៥.៣០០ លានដុល្លារអាមេរិក។

ក្នុងឱកាសចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ នៅប្រទេសចិននាពេលនេះ សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា ក៏បានជួបជាមួយលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group ដោយសម្តេចបានបញ្ជាក់អំពីការគាំទ្រចំពោះគម្រោងនានាដែលក្រុមហ៊ុន China Metro Group បាននិងកំពុងសិក្សានៅក្នុងប្រទេសកម្ពុជាពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាចរាចរណ៍ ព្រមទាំងបានផ្តល់ជាអនុសាសន៍ដល់ក្រុមហ៊ុនឱ្យមានការគិតគូរសព្វគ្រប់ជ្រុងជ្រោយ មានជាអាទិ៍ ការអភិវឌ្ឍផ្លូវដែកធុនស្រាល, ស្ពានអាកាស និងផ្លូវក្រោមដីជាដើម៕