គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែសង្វាក់ផលិតកម្ម 

0
461

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា គោលនយោបាយវិស័យកសិកម្មថ្មី ផ្តោតអាទិភាពលើការដាក់ពង្រាយមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ដើម្បីជួយគាំទ្រដល់កសិករក្នុងខ្សែសង្វាក់ផលិតកម្ម និងអន្តរាគមន៍ផ្សេងៗបានទាន់ពេលវេលា ព្រមទាំងជំរុញសហគមន៍កសិកម្មគំរូថ្មីដែលមានទុននិងធនធានគ្រប់គ្រាន់ក្នុងការធ្វើផលិតកម្មកសិកម្មក្នុងទ្រង់ទ្រាយធំ និងអាចធ្វើកិច្ចសន្យាជាមួយអ្នកវិនិយោគបានប្រកបដោយទំនុកចិត្ត។

 ឯកឧត្តមបានលើកឡើងដូចនេះ ខណៈដែលឯកឧត្តមរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Moonjung CHOI នាយកទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នេះ។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការជិតស្និទ្ធជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ដើម្បីចូលរួមជួយវិស័យកសិកម្មកម្ពុជាស្របតាមគោលនយោបាយនៃរាជរដ្ឋាភិបាលកម្ពុជា​ នីតិកាលទី៧ ដើម្បីសន្តិសុខស្បៀង និងប្រសិទ្ធភាពសេដ្ឋកិច្ចពិតប្រាកដ ជាពិសេសចូលរួមជំរុញសហគមន៍កសិកម្មតាមគំរូថ្មី។​

លើសពីនេះទៀត កម្ពុជាមានមន្ទីរពិសោធន៍ជាតិដែលមានសមត្ថភាពត្រួតពិនិត្យគុណភាពផលិតផលកសិកម្ម ដើម្បីធានាសុវត្ថិភាពផលិតផលសម្រាប់អ្នកប្រើប្រាស់។

យោងតាមឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងថា ជាគោលនយោបាយ គឺធ្វើយ៉ាងណាត្រូវកាត់បន្ថយថ្លៃដើមផលិត ដើម្បីឱ្យកសិករទទួលបានផលចំណេញច្រើន ដោយក្នុងនោះមានកិច្ចការមួយចំនួនដែលត្រូវការកិច្ចសហការចូលរួមដោះស្រាយដោយយកចិត្តទុកដាក់ ដូចជាផ្នែកថាមពល និងប្រព័ន្ធស្រោចស្រព តាមរបៀបឆ្លាតវៃ ព្រមទាំងការគ្រប់គ្រងគុណភាពដីកសិកម្មជាដើម។

ជាមួយគ្នានេះ ទាក់ទងនឹងកសិកម្មឆ្លាតវៃទំនើបនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាពសហការជាមួយសាកលវិទ្យាល័យកសិកម្មសម្រាប់ការសិក្សាស្រាវជ្រាវបន្ត។

ជាកាឆ្លើយតប ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដោយធ្វើការពិនិត្យតាមដានជាមួយគ្នាក្នុងការអនុវត្តគម្រោងឱ្យមានប្រសិទ្ធភាព និងមាននិរន្តរភាពពិតប្រាកដ ដែលនឹងជួយ និងផ្តល់ប្រយោជន៍ដល់កសិករ៕​​