គ.ជ.ប ណែនាំឱ្យពង្រឹងសន្ដិសុខក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

0
24

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានណែនាំឱ្យពង្រឹងសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ ក្នុងនោះ គ.ជ.ប បានណែនាំទៅដល់ប្រធានគណៈកម្មការរាជធានី ខេត្ដ រៀបចំការបោះឆ្នោត(គធ.ខប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត(គ.ក.ប/គ.ក.រ) ត្រូវសហការជាមួយកម្លាំងសន្ដិសុខបោះឆ្នោតតាមមណ្ឌលបោះឆ្នោត និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

ដោយឡែកចំពោះ គធ.ខប ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្ដរជាតិ អង្កការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអ្នកបោះឆ្នោត និងអង្គបោះឆ្នោត ដែលជាតំណែងរាស្ដ្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕