ជំនួយឥតសំណងរបស់ជប៉ុនប្រមាណ៩,៧លានដុល្លារ ដល់កម្ពុជា ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ផ្កាយរណប ខណៈជំនួយនេះនឹងចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ខាងមុខនេះ

0
26

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ បានប្រកាសថា «ជប៉ុន នឹងផ្តល់ហិរញ្ញប្បទានឥតសំណង ដើម្បីគាំទ្រដល់ការអង្កេតវាស់ វែងសុរិយោដី និងការចុះបញ្ជីដីធ្លី»។

ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខារួមគ្នា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ នៅទីស្តីការក្រសួង លើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់ចំនួន១.៣៣៨លានយ៉េន (ប្រមាណ ៩,៧លានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងសម្រាប់ការកសាងបណ្តាញ ស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។

ជំនួយឥតសំណងនេះ គោលបំណងនៃគម្រោងនេះ គឺដើម្បីពន្លឿនការអង្កេតវាស់វែងសុវិយោដី ព្រមទាំងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡងស្ថានីយ៍វាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប ដើម្បីរួមចំណែកដល់ការលើកកម្ពស់គម្រោងហេដ្ឋារចនាសម្ព័ន្ធនានា។

កាយវិវិការដ៏សប្បុរសនេះ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ជំនួយនេះរួមចំណែកពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងពង្រឹង​ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរ ដែលកំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូរ៕ដោយ៖ ស្រស់