ដើមខែមីនាខាងមុខនេះ ក្រសួងវប្បធម៌ នឹងរៀបចំកម្មវិធីរាត្រីសមោសរសំពត់បត់ខ្មែរលើកដំបូង

0
76

ភ្នំពេញ៖ ដើម្បីថែរក្សាប្រពៃណីទំនៀមទម្លាប់ និងអភិរក្ស ដែលជាកេរដំណែលដូនតាខ្មែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រៀមរៀបចំកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» អម ដោយ«ពិព័រណ៍សិប្បកម្មខ្មែរ» ជាលើកដំបូងនៅសាលសន្និសីទចតុម្មុខចាប់ពីថ្ងៃទី០១ ដល់ថ្ងៃ ទី០៣ ខែមីនា ឆ្នាំ២០២៤។

យោងតាមលោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ថា ការរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ »នេះមានគោលបំណងថែរក្សាប្រពៃណី កេរដំណែល អរូបីរបស់ដូនតាខ្មែរយើងដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់។ កម្មវិធីនេះ ជាការ បំផុសស្មារតីកូនខ្មែរឱ្យស្រឡាញ់វប្បធម៌របស់ខ្លួន ជាពិសេសជំរុញឱ្យស្ត្រីខ្មែរយល់ ដឹងកាន់តែច្បាស់ពីគុណតម្លៃ ភាពស្រស់ស្អាតនៃសំពត់បត់ខ្មែរក្នុងសង្គមខ្មែរ។

លោកជំទាវរដ្ឋលេខាធិការបានថ្លែងបញ្ជាក់បន្ថែមថា គម្រោងនៃការរៀបចំកម្មវិធីនេះ ធ្វើឡើងក៏មានការចូលរួម សហការពីអ្នកពាក់ព័ន្ធជាបន្តបន្ទាប់។

លោកជំទាវបញ្ជាក់ថា៖ «គោលបំណងរបស់ខ្ញុំ ក៏ដូចជាថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចង់ឱ្យប្អូនៗក្មួយៗជំនាន់ក្រោយបានដឹងថា សំពត់បត់នេះ គឺជាកេរ ដំណែលអរូបីរបស់ដូនតាខ្មែរយើងដែលបានបន្សល់ទុកមក ដូច្នេះក្នុងនាមយើងជាទំពាំង ស្នងឫស្សី យើងជាយុវជនខ្មែរ គឺយើងត្រូវមានភារកិច្ចចូលរួមថែរក្សាលើកកម្ពស់ វប្បធម៌ខ្មែរទាំងអស់គ្នា ព្រោះវប្បធម៌ខ្មែរនេះជារបស់យើងទាំងអស់គ្នា។

លោកជំទាវ ឡងឌី សាន់ណារ៉ា បានលើកឡើងថា ដើម្បីឱ្យគេមើល ឃើញ អំពីគុណតម្លៃនៃសំពត់បត់ខ្មែរ និងដើម្បីចូលរួមថែរក្សាប្រពៃណីទំនៀមទម្លាប់ ដែលជាកេរ ដំណែលដូនតាខ្មែរយើង ក្រសួងវប្បធម៌ បានត្រៀមរៀបចំនូវកម្មវិធីដ៏ មានសារៈសំខាន់នេះ ដោយរួមចំណែកអភិរក្ស លើកតម្កើងតម្លៃនៃសំពត់បត់ខ្មែរយើង ឱ្យកាន់តែមានប្រជាប្រិយ ភាពពេញនិយមក្នុងកម្រិតជាតិ និងឆ្ពោះទៅអន្តរជាតិ។

ក្រសួងវប្បធម៌បានបញ្ជាក់ដែរថា ការរៀបចំ «រាត្រីសមោសរសំពត់បត់ខ្មែរ» អមដោយ ពិព័រណ៍សិប្បកម្មខ្មែរ» នឹងធ្វើឱ្យមហាជនកាន់តែច្រើនបានស្គាល់ពីតម្លៃវប្បធម៌ និងភាពស្រស់ ស្អាតរបស់សំពត់បត់ខ្មែរ។ បើតាមការគ្រោងទុកកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» នឹងធ្វើ ឡើងនៅល្ងាចថ្ងៃទី០២ ខែមីនា  ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនោះដែរ ក្រៅពីកម្មវិធី «រាត្រីសមោសរសំពត់បត់ខ្មែរ» ក៏មាន «ពិព័រណ៍សិប្បកម្មខ្មែរ» ដែលនឹងប្រារព្ធធ្វើឡើង រយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅក្នុងបរិវេណ សាលសន្និសីទចតុម្មុខផងដែរ។

នៅក្នុងកម្មវិធីដ៏សំខាន់នេះ ក្រសួងវប្បធម៌បានលើកទឹកចិត្តដល់សាធារណជន សិស្ស និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ អ្នកសារព័ត៌មាន អញ្ជើញចូលរួមទស្សនា និងផ្សព្វផ្សាយ ដោយសេរី ដើម្បីជាការលើកទឹកចិត្ត និងបន្តរួមគ្នាថែរក្សាវប្បធម៌ខ្មែរឱ្យបានគង់វង្ស៕