ដើមឆ្នាំ២០២៤នេះ នាវាទេសចរណ៍នាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ជាង ៥០០នាក់ ចូលចតធ្វើទស្សនកិច្ចនៅខេត្តព្រះសីហនុ

0
334

ព្រះសីហនុ៖  នាវាទេសចរណ៍បរទេសមួយគ្រឿងមានឈ្មោះ Sea Bourn Encore បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ជាង ៥០០នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុង ព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ។

បើយោងតាមមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះថា នាវាទេសចរណ៍បរទេសមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas មានបណ្តោយ ២១០,៥ម៉ែត្រ ទទឹង ២៨ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចាកចេញពីប្រទេសថៃ ចូលសំចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលពីវេលាម៉ោង៦ និង៣៥នាទី ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នាវានេះមានគម្រោងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ២០ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ឆ្ពោះទៅកាន់ប្រទេសវៀតណាម។

ភ្ញៀវទេសចរបរទេសរទេសដែលធ្វើដំណើរតាមនាវា Sea Bourn Encore មានចំនួន ៥៥២នាក់ ស្រីចំនួន ២៧៨នាក់ មាន ៣០សញ្ជាតិ និងមាននាវិកសរុបចំនួន ៤២៥នាក់ ស្រី ១០៨នាក់ មាន ៥០សញ្ជាតិ។ ភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាង គេមានដូចជាអាម៉េ រិក ២២៧នាក់ អង់គ្លេស ៩៤នាក់ អូស្រ្តាលី ៥៦នាក់ ក្រៅពីនោះមានសញ្ជាតិផ្សេងទៀត។ ភ្ញៀវទេសចរចូលក្នុងប្រទេស ចេញទៅកម្សាន្តនៅខេត្តសៀមរាបមានចំនួន ៤៤នាក់ ស្រី ១៨នាក់ ស្មើនឹង ៤សញ្ជាតិ ។

ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមនាវាទេសចរណ៍ Sea Bourn Encore  បានធ្វើ ដំណើរទស្សនកិច្ចនៅតាមទីប្រជុំជននានាក្នុងក្រុងព្រះសីហនុ មានដូចជាទីប្រជុំជនផ្សារលើ តំបន់រមណីយដ្ឋានវប្បធម៌ក្នុងខេត្តមានដូចជា វត្តឥន្ទញ្ញាណ វត្តជោតញ្ញាណ តំបន់នេសាទ ទំនប់រលក (ភូមិ៣) និងតាមតំបន់ឆ្នេរសមុទ្រក្នុងក្រុងព្រះសីហនុ។ ទន្ទឹមនោះ ក៏មានការ ការពារសន្តិសុខ សុវត្ថិភាព និងការសម្របសម្រួលពីអាជ្ញាធរក្រុង ខេត្ត និងកងកម្លាំងប្រដាប់ អាវុធផងដែរ។

សូមបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះ ខេត្តព្រះសីហនុទទួលបាននាវាទេសចរណ៍ បរទេស Sea Bourn Encore  ចូលចតលើកដំបូងគេ និងមានភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន ៥៥២នាក់ និងនាវិក ៤២៥នាក់៕