ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា កិច្ចការទី១ ដែលបំពេញយ៉ាងជោគជ័យជូនរដ្ឋាភិបាល គឺការកំណត់ប្រាក់ឈ្នួលឆ្នាំ២០២៤ជូនកម្មករនិយោជិតឱ្យបានមុនពិធីបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះក្រុមការងារប្រាក់ឈ្នួលអប្បបរមា កាលពីថ្ងៃទី២៨ ខែកញ្ញា បានសម្រេចតួលេខប្រាក់ឈ្នួលគោលសម្រាប់កម្មករ ចំនួន២០២ដុល្លារ ហើយសម្តេចធិបតីបានបន្ថែមទឹកប្រាក់ចំនួន២ដុល្លារបន្ថែមទៀត ដែលធ្វើឱ្យប្រាក់ឈ្នួលអប្បបរមាឡើងដល់ចំនួន២០៤ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៤។ នេះបើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារកាលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣កន្លងទៅ។
ដោយឡែក ចំពោះកិច្ចការងារទី២ ស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបវិភាគទានដោយស្ម័គ្រចិត្តដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស.វិញ។ មកដល់ពេលនេះក្រសួងកំពុងពិភាក្សាជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គមរៀបចំប្រកាសអន្តរក្រសួង ដើម្បីដាក់ឱ្យអនុវត្តនៅមុនដំណាច់ឆ្នាំ២០២៣។
ចំពោះកិច្ចការងារទី៣ ស្តីពីលើការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ និងកម្មករនិយោជិតចំនួន១,៥លាននាក់ ដែលបញ្ហានេះក្រសួងការងារ បានធ្វើការមួយជំហ៊ានរួចហើយជាមួយក្រសួងសេដ្ឋកិច្ច និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយបានកំណត់យន្តការ មុខសញ្ញា វិធីសាស្រ្តចុះឈ្មោះសិស្ស កម្មវិធីសិក្សា និងលិខិតបទដ្ឋានគតិយុទ្ធនានា ដើម្បីដាក់ដំណើរការតាមកាលកំណត់។ បន្ថែមពីនេះ ក្រសួង ក៏បានពិភាក្សាជាមួយសមាគមនិយោជកដើម្បីសម្រួលដល់បងប្អូនកម្មករនិយោជិតបានចូលរៀននៅវេនយប់ ឬវេនចុងសប្តាហ៍ថ្ងៃសៅរ៍-អាទិត្យ ផងដែរ។
មួយវិញទៀតទាក់ទងនឹងការងារទី៤ លើការហ្វឹកហ្វឺនកូនជាង ក្រសួងបានពិភាក្សាជាមួយភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជក ឱ្យកែសម្រួលយន្តការអនុវត្ត និងកែសម្រួលកម្មវិធីហ្វឹកហ្វឺនកូនជាងឱ្យស្របតាមកញ្ចប់ស្តង់ដារបណ្តុះបណ្តាល សម្រាប់កម្មវិធីបង្កើនជំនាញ និងការរៀបចំជំនាញឡើងវិញ ដោយរួមបញ្ចូលកម្មវិធីហាត់ការ និងកម្មសិក្សា។
សម្រាប់កិច្ចការងារទី៥ ស្តីពីការឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ក្រសួងការងារ បានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ ទាំងមុនពេលសម្រាលកូន,ពេលសម្រាលកូន, និងក្រោយពេលសម្រាលកូន បានយ៉ាងជោគជ័យ។ ក្នុងនោះគិតចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ មកដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ រដ្ឋាភិបាលបានឧបត្ថម្ភថវិកាដល់កម្មការិនីជាស្ត្រីសម្រាលកូនចំនួន ៤១៩, ០៤៤នាក់ដោយចំណាយថវិកា ៤១,២លានដុល្លារ។ ដោយឡែក ក្នុងរយៈពេល២ខែចុងក្រោយនេះពោលគឺខែសីហាដល់ខែតុលាដែលជាគោលការណ៍ឧបត្ថមថ្មី រាជរដ្ឋាភិបាល បានចំណាយថវិកាជិត ៣លានដុល្លារ ដើម្បីជួយសម្រួលបន្ទុកចំណាយរបស់កម្មការិនី មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន ១០០,៦២នាក់។
ចំពោះកិច្ចការងារចុងក្រោយដែលរាជរដ្ឋាភិបាលប្រគល់ស្តីពីសហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ។ បច្ចុប្បន្នក្រសួងបានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់លក្ខណៈវិនិច្ឆ័យ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយពិគ្រោះយោបល់និងសហការជាមួយដៃគូសង្គម សំដៅឈានទៅការដាក់ចេញជាយុទ្ធសាស្ត្រ និងយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤តទៅ៕