ដោយសារតែកម្ពុជា«ជាមិត្តដែកថែប»ទើបកម្ពជាទទួលបានផលប្រយោជន៍ជាច្រើន ពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ»របស់មិត្តចិន

0
540

ភ្នំពេញ៖ ដោយមានការដឹកនាំល្អពីរាជរដ្ឋាភិបាលកម្ពុជា នឹងតាមរយៈទំនាក់ទំនងយ៉ាងជិតស្និទជាមួយប្រទេសចិន ដែលថ្នាក់ដឹកនាំប្រទេសទំាងពីរបានប្រិសិទ្ធនាមថា «ជាមិត្តដែកថែប» ប្រទេសកម្ពុជា កំពុងទទួលបានផលប្រយោជន៍ជាច្រើន ពីកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និងផ្លូវ» របស់ចិន។

ក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ គម្រោងធំៗដែលវិនិយោគដោយចិនជាច្រើនបានលេចឡើងជារូបរាងនៅក្នុងប្រទេសកម្ពុជា រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រវារីអគ្គិសនី ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងពហុកីឡដ្ឋានជាតិមរតកតេជោ។ ជាមួយគ្នានេះ ក៏មានគម្រោងជាច្រើនផ្សេងទៀត ដូចជា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត និងគម្រោងផ្លូវល្បឿនលឿនភ្នំ ពេញ-សៀមរាប-ប៉ោយប៉ែតផងដែរ។

ជាក់ស្តែងពេលនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងមានវត្ត មាននៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីអញ្ជើញចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិ ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាពខ្ពស់៖ រួមគ្នាដើម្បីការ អភិវឌ្ឍ និងវិបុលភាពរួម» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី ១៨ខែតុលា ឆ្នាំ ២០២៣។    នៅក្នុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងថ្លែងសុន្ទរកថាគន្លឹះ ស្ដីពី «សេដ្ឋកិច្ចឌីជីថល ជាប្រភពនៃកំណើនថ្មី» ទៅកាន់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាច្រើនដែលជាសមាជិកនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវនេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជា បានក្លាយជាសមាជិកនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» នៅឆ្នាំ ២០១៦ ហើយកម្ពុជា ក៏ជាប្រទេសសមាជិកស្ថាបនិកនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដែលជាធនាគារដ៏សំខាន់ក្នុងការផ្តល់ហិរញ្ញវត្ថុទ្រទ្រង់ដល់គំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»៕